ចូលជាសមាជិក        |        ខ្មែរ    EN

ព័ត៌មាន

ទំព័រដើម ព័ត៌មាន ព័ត៍មានលំអិត

ជំនួបពិភាក្សារវាងសភាពាណិជ្ជកម្មកម្ពុជា និង ក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន

ជំនួបពិភាក្សារវាងសភាពាណិជ្ជកម្មកម្ពុជា និង ក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន

រាជធានីភ្នំពេញ៖ នារសៀលថ្ងៃព្រហស្បតិ៍ ៧កើត ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា ទទួលជួបពិភាក្សាការងារជាមួយ លោក ចាក ម៉ាយអ៊ិន (Jack Myint) ប្រធានប្រចាំតំបន់ទទួលបន្ទុកកម្ពុជា ឡាវ មីយ៉ានម៉ា ថៃ និងវៀតណាម របស់ក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។ ជំនួបនេះធ្វើឡើងក្នុងអំឡុងពេលដែល លោក ចាក ម៉ាយអ៊ិន រួមនិង គណៈប្រតិភូក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន បំពេញទស្សនកិច្ចនៅកម្ពុជា ដោយផ្តោតសំខាន់លើការលើកកម្ពស់ទំនាក់ទំនងស្ថាប័នទាំងពីរ និងការជំរុញពាណិជ្ជកម្ម និងវិនិយោគរវាងអាមេរិក និងកម្ពុជា។

ក្នុងឱកាសនៃកិច្ចពិភាក្សានេះ លោក ចាក ម៉ាយអ៊ិន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ អ្នកឧកញ៉ា គិត ម៉េង ដែលបានចំណាយពេលវេលាដ៏មមាញឹកទទួលជួបពិភាក្សាការងារជាមួយ លោក។ លោកបានគូសបញ្ជាក់ថា រយៈពេលជាង១០ឆ្នាំហើយ ដែលលោកទទួលបន្ទុកការងារជំរុញពាណិជ្ជកម្ម និងវិនិយោគរវាងអាមេរិក និងកម្ពុជា។ តាមរយៈការបំពេញទស្សនកិច្ចជាបន្តបន្ទាប់ លោកបានកត់សម្គាល់ឃើញការរីកចម្រើនយ៉ាងឆាប់រហ័សនៅកម្ពុជា ជាពិសេសលើវិស័យហេដ្ឋារចនាសម្ព័ន្ធ និងវត្តមានព្រលានយន្តហោះថ្មី។ លោកសង្ឃឹមថា ទំនាក់ទំនងល្អប្រសើរនាពេលបច្ចុប្បន្ន រវាងកម្ពុជានិងអាមេរិក នឹងក្លាយជាកាលានុវត្តភាពបង្កលក្ខណៈងាយស្រួលដល់ការធ្វើធុរកិច្ចរវាងប្រទេសទាំងពីរ។ ក្នុងន័យនេះ លោកមានបំណងសិក្សាស្វែងយល់បន្ថែមពីសក្តានុពលវិនិយោគនៅកម្ពុជា និងចូលរួមជំរុញការដោះស្រាយបញ្ហាប្រឈម ក៏ដូចជាកង្វល់នានារបស់វិស័យឯកជន។

ជាការឆ្លើយតប អ្នកឧកញ៉ា គិត ម៉េង បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះដំណើរទស្សនកិច្ចរបស់ លោក ចាក ម៉ាយអ៊ិន។ អ្នកឧកញ៉ាប្រធាន បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងដ៏ល្អប្រសើររវាង សភាពាណិជ្ជកម្មកម្ពុជា និងក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន អស់រយៈពេលជាច្រើនឆ្នាំមកហើយ ដោយស្ថាប័នទាំងពីរតែងសហការគ្នារៀបចំព្រឹត្តិការណ៍ធុរកិច្ច ដើម្បីទាក់ទាញវិនិយោគិន និងជំរុញពាណិជ្ជកម្មទ្វេភាគី។ អ្នកឧកញ៉ាប្រធាន ក៏បានលើកឡើងពីទំនាក់ទំនងដ៏រឹងមាំរវាងកម្ពុជា និងអាមេរិក ជាពិសេស ការមានកិច្ចព្រមព្រៀងពន្ធគយបដិកា ដែលផ្តល់ទំនុកចិត្តខ្ពស់ដល់ធុរជននៃប្រទេសទាំងពីរ។ អ្នកឧកញ៉ាប្រធាន បានសង្កត់ធ្ងន់ថា សភាពាណិជ្ជកម្មកម្ពុជា និងក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន ត្រូវបន្តសហការគ្នាឱ្យកាន់តែជិតស្និទ្ធ ដើម្បីផលប្រយោជន៍ និងវិបុលភាពនៃសហគមន៍ធុរកិច្ចទាំងពីរ។

កិច្ចពិភាក្សាបានបញ្ចប់ទៅក្រោមបរិយាកាសស្និទ្ធស្នាល យោគយល់គ្នា និងប្រកបដោយផ្លែផ្កា។

ចែករំលែក: