ចូលជាសមាជិក        |        ខ្មែរ    EN

ព័ត៌មាន

ទំព័រដើម ព័ត៌មាន ព័ត៍មានលំអិត

អ្នកឧកញ៉ា គិត ម៉េង ជួបជាមួយក្រុមប្រឹក្សាធុរកិច្ចកាណាដា-អាស៊ាន ដើម្បីជំរុញពាណិជ្ជកម្ម និងការវិនិយោគបន្ថែមរវាងប្រទេសទាំងពីរ

អ្នកឧកញ៉ា គិត ម៉េង ជួបជាមួយក្រុមប្រឹក្សាធុរកិច្ចកាណាដា-អាស៊ាន ដើម្បីជំរុញពាណិជ្ជកម្ម និងការវិនិយោគបន្ថែមរវាងប្រទេសទាំងពីរ

ទីក្រុងគូឡាឡាំពួ ៖ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា បានដឹកនាំសមាជិកសភាពាណិជ្ជកម្មកម្ពុជាជួបប្រជុំជាមួយ ក្រុមប្រឹក្សាធុរកិច្ចកាណាដា-អាស៊ានដឹកនាំដោយលោក Mr. Wayne Farmer ប្រធានក្រុមប្រឹក្សាធុរកិច្ចកាណាដា-អាស៊ាន (Canada-ASEAN) និងប្រតិភូធុរកិច្ចមកពីប្រទេសកាណាដានៅព្រឹកថ្ងៃទី ២៦ ខែតុលា ឆ្នាំ២០២៥ ទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី ឱកាសដែលអ្នកឧកញ៉ា ដឹកនាំគណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា អញ្ជើញអមដំណើរសម្តេចធិបតីនាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិតចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៧ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅទីក្រុងគួឡាឡាំពួរ ប្រទេស ម៉ាឡេស៊ី ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី ២៨ ខែតុលា ឆ្នាំ២០២៥។

អ្នកឧកញ៉ា គិត ម៉េង បានថ្លែងថា"ជំនួបរបស់យើងនាពេលនេះគោលដៅរួមគឺ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការដ៏សំខាន់រវាងក្រុមប្រឹក្សាធុរកិច្ចកាណាដា-អាស៊ាន និងសភាពាណិជ្ជកម្មកម្ពុជា ក៏ដូចជាក្រុមប្រឹក្សាធុរកិច្ចកម្ពុជា-អាស៊ាន ដើម្បីជំរុញពាណិជ្ជកម្ម និងការវិនិយោគ ជំរុញ និងបង្កើនល្បឿនពាណិជ្ជកម្មទ្វេភាគីបន្ថែមទៀត"។ អ្នកឧកញ៉ាបន្តថា "ក្រុមប្រឹក្សាធុរកិច្ចកាណាដា-អាស៊ាន (Canada-ASEAN) មានតួនាទីដ៏សំខាន់ក្នុងការពន្លឿនច្រករបៀងសេដ្ឋកិច្ចកាណាដា-អាស៊ាន ហើយភាពជោគជ័យរបស់ក្រុមហ៊ុន កាណាដានៅក្នុងប្រទេសកម្ពុក៏ជាតឹកតាងយ៉ាងសំខាន់សម្រាប់បង្ហាញពីភាពជោគជ័យរបស់ក្រុមហ៊ុនអន្តរជាតិដែលអាចទទួលបានពីទីផ្សារដ៏សកម្មរបស់កម្ពុជា"។ អ្នកឧកញ៉ា ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការបន្តគាំទ្រ និងសកម្មរបស់ក្រុមប្រឹក្សាធុរកិច្ចកាណាដា-អាស៊ាន ហើយអ្នកឧកញ៉ាក៏បានរៀបរាប់អំពីឱកាសដ៏សម្បូរបែបដែលប្រទេសកម្ពុជាមានសម្រាប់អ្នកវិនិយោគកាណាដាដូចជាឱកាសសម្រាប់ក្រុមហ៊ុនកាណាដាក្នុងការធ្វើពាណិជ្ជកម្មនៅក្នុងតំបន់អាស៊ានដោយផ្អែកលើទីតាំងយុទ្ធសាស្ដ្រ និងកិច្ចព្រមព្រាងនានាសម្រាប់ពាណិជ្ជកម្ម។ ជាមួយគ្នានេះដែលអ្នកឧកញ៉ាក៏បានលើកអំពីការិយាល័យតំណាងសភាពាណិជ្ជកម្ពុជានៅទីក្រុងម៉ុងត្រេអាល់ និងតូរ៉ុនតូនៃប្រទេសកាណាដា ហើយសង្ឃឹមថាក្រុមប្រឹក្សាធុរកិច្ចកាណាដា-អាស៊ាន (Canada-ASEAN) និងបន្ដកិច្ចសហប្រតិបត្តការជាមួយជាមួយការិយាល័យតំណាងសភាពាណិជ្ជកម្ម។

លោក Mr. Wayne Farmer ប្រធានក្រុមប្រឹក្សាធុរកិច្ចកាណាដា-អាស៊ាន (Canada-ASEAN) បានបញ្ជាក់ពីគោលជំហររបស់ក្រុមប្រឹក្សាធុរកិច្ចកាណាដា-អាស៊ាន ក្នុងការលើកកម្ពស់ទំនាក់ទំនងសេដ្ឋកិច្ចជាមួយកម្ពុជា ដោយមើលឃើញពីសក្តានុពលក្នុងការជំរុញភាពជាដៃគូសេដ្ឋកិច្ចជាមួយគ្នា។ លោកបានបន្ថែមទៀតថា ក្រុមប្រឹក្សាធុរកិច្ចកាណាដាអាស៊ាន-រីករាយនិងបន្តសហការជាមួយការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជានៅទីក្រុងម៉ុងត្រេអាល់ និងតូរ៉ុនតូនៃប្រទេសកាណាដាដើម្បីបន្ដកិច្ចសហប្រតិបត្តិការនាពេលអនាគត ។

ចែករំលែក: