វគ្គបណ្ដុះបណ្ដាល៖ ការកសាងសមត្ថភាពសហគ្រាសធុនតូច និងមធ្យម (SMEs) អំពីការងារធុរកិច្ច និងការអភិវឌ្ឍន៍ទីផ្សារសម្រាប់នាំចេញ ក្រោមប្រធានបទ “ការគ្រប់គ្រងហិរញ្ញវត្ថុ និងការអនុវត្តន៍”
(ខេត្តបាត់ដំបង)៖ នាព្រឹកថ្ងៃសុក្រ ៣កើត ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៥ សភាពាណិជ្ជកម្មកម្ពុជា រួមសហការជាមួយមជ្ឈមណ្ឌលអភិវឌ្ឍធុរកិច្ច និងសភាពាណិជ្ជកម្មខេត្តបាត់ដំបង បានរៀបចំវគ្គបណ្ដុះបណ្ដាលដែលផ្ដោតលើការកសាងសមត្ថភាពសហគ្រាសធុនតូច និងមធ្យម (SMEs) អំពីការងារធុរកិច្ច និងការអភិវឌ្ឍន៍ទីផ្សារសម្រាប់នាំចេញស្ដីពី “ការគ្រប់គ្រងហិរញ្ញវត្ថុ និងការអនុវត្តន៍” ក្រោមការគាំទ្រពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងក្របខណ្ឌនៃការគ្រប់គ្រង និងអនុវត្តកម្មវិធីគាំទ្រសេដ្ឋកិច្ចជនបទ និងពាណិជ្ជកម្មផលិតផលកសិកម្ម (ASPIRE-AT) នៅសណ្ឋាគារស្ទឹងសង្កែ ខេត្តបាត់ដំបង។
វគ្គបណ្ដុះបណ្ដាលខាងលើនេះ រៀបចំឡើង មានរយៈពេល ០២ ថ្ងៃ ចាប់ពីថ្ងៃទី២៤ - ២៥ ខែតុលា ឆ្នាំ២០២៥ ដោយមានសិក្ខាកាមដែលជាម្ចាស់សហគ្រាសធុនតូច និងមធ្យម (SMEs) ក្នុងខេត្តបាត់ដំបង ប៉ៃលិន និងខេត្តបន្ទាយមានជ័យ ចូលរួមចំនួនពីរក្រុមផ្សេងគ្នាសរុបប្រមាណ ៥០នាក់។ វគ្គបណ្ដុះបណ្ដាលនេះមានគោលបំណងដើម្បីធ្វើការគាំទ្រគោលដៅរបស់កម្មវិធី ASPIRE-AT ក្នុងកសាងសមត្ថភាពសហគ្រាសធុនតូច និងមធ្យម (SMEs) អំពីការងារធុរកិច្ច និងការអភិវឌ្ឍន៍ទីផ្សារសម្រាប់នាំចេញ ដែលផ្តោតលើការបណ្ដុះបណ្ដាលលើចំណេះដឹងអំពីការគ្រប់គ្រងហិរញ្ញវត្ថុនៅក្នុងអាជីវកម្ម ក៏ដូចជាការលើកកម្ពស់ពាណិជ្ជកម្មកសិកម្មសម្រាប់សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជាឱ្យកាន់តែមានការរីកចម្រើនថែមទៀត។
អ្នកឧកញ៉ា ភួ វាសនា បានលើកឡើងថា៖ សហគ្រាសធុនតូច និងមធ្យម នៅតែប្រឈមមុខនឹងបញ្ហាប្រឈមចម្បងមួយចំនួនទាក់ទងក៏ការគ្រប់គ្រងហិរញ្ញវត្ថុក្នុងអាជីវកម្ម ហេតុដូចនេះហើយ តាមរយៈវគ្គបណ្ដុះបណ្ដាលនេះ សហគ្រាសធុនតូច និងមធ្យមនឹងទទួលបានចំណេះដឹងជាក់ស្ដែងអំពី ការរៀបចំផែនការហិរញ្ញវត្ថុមួយត្រឹមត្រូវ និងចេះរៀបចំរបាយការណ៍ហិរញ្ញវត្ថុស្ដង់ដាដែលជួយដល់ពួកគាត់ទទួលបានទំនុកចិត្តពីស្ថាប័នហិរញ្ញវត្ថុនានា ក៏ដូចជាដៃគូរជាតិ-អន្ដរជាតិដែលចង់វិនិយោគផងដែរ។
ឯកឧត្តម មាស ពិសិដ្ឋ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជានាយកកម្មវិធី ASPIRE AT បានបញ្ជាក់ថា សហគ្រាសធុនតូច និងមធ្យម គឺជាគ្រឹះដ៏សំខាន់បំផុត ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ ក្នុងការបង្កើតការងារ ផ្តល់ជីវភាពដល់ប្រជាពលរដ្ឋ និងជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍន៍សហគ្រាសធំៗនៅពេលអនាគត ។ ឯកឧត្តម ក៏បានបន្ថែមទៀតថា កម្មវិធីគាំទ្រសេដ្ឋកិច្ចជនបទ និងពាណិជ្ជកម្មផលិតផលកសិកម្ម ហៅកាត់ថា ASPIRE AT គឺជាយន្តការមួយរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងការរួមចំណែកដោះស្រាយបញ្ហាប្រឈមសំខាន់ៗនៅក្នុងវិស័យកសិកម្ម ដែលមានអ្នកទទួលផលច្រើន មានអ្នកពាក់ព័ន្ធក៏ច្រើន គឺចាំបាច់ត្រូវតែសហការឱ្យបានល្អជាមួយអ្នកពាក់ព័ន្ធ រួមទាំងក្រសួងស្ថាប័ន ក្នុងរាជរដ្ឋាភិបាលកម្ពុជា និងដៃគូរអភិវឌ្ឍ និងគ្រប់តួអង្គនៃខ្សែច្រវ៉ាក់ គឺមានកសិករ សហគមន៍កសិកម្ម និងវិស័យឯកជនទាំងអស់ផងដែរ ។
សូមបញ្ជាក់ជូនផងដែរថា វគ្គបណ្ដុះបណ្ដាលនៅខេត្តបាត់ដំបងនេះ គឺជាវគ្គបណ្ដុះបណ្ដាលលើកទី១ ដោយគ្រោងនឹងមានវគ្គបណ្ដុះបណ្ដាលបន្ដចំនួន ៥ ផ្សេងទៀតក្រោមប្រធានបទផ្សេងៗគ្នាដែលទាក់ទងទៅនឹងការកសាងសមត្ថភាពសហគ្រាសធុនតូច និងមធ្យម (SMEs) អំពីការងារធុរកិច្ច និងការអភិវឌ្ឍន៍ទីផ្សារសម្រាប់នាំចេញ នៅខេត្តបន្ទាយមានជ័យ ខេត្តកំពង់ធំ ខេត្តសៀមរាប ខេត្តកំពង់ចាម និងរាជធានីភ្នំពេញ។
រូបភាព និងអត្ថបទដោយ៖ នាយកដ្ឋានទំនាក់ទំនងសភាពាណិជ្ជកម្មខេត្ត-ក្រុង
















ចូលជាសមាជិក
