ចូលជាសមាជិក        |        ខ្មែរ    EN

ព័ត៌មាន

ទំព័រដើម ព័ត៌មាន ព័ត៍មានលំអិត

វេទិការស្តីពី

វេទិការស្តីពី "ការវិនិយោគ និងការធ្វើពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិក"

Forum on investment and trade with the United States of America.

ភ្នំពេញ៖ នាព្រឹកថៃ្ងព្រហស្បតិ៍ ទី០២ ខែតុលា ឆ្នាំ២០២៥ នៅសាលាជាតិគយ, អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានគណៈកម្មការសម្របសម្រួលក្រុមការងារផ្នែកឯកជន សម្រាប់យន្តការវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន (គ.ស.ឯ.រ.ជ) បានដឹកនាំសមាជិកសមាជិកាសភាពាណិជ្ជកម្មកម្ពុជា, សហប្រធានក្រុមការងារផ្នែកឯកជនទាំង១៦ និងតំណាងក្រុមហ៊ុនសមាគម ជាតិ-អន្តរជាតិ ចូលរួមក្នុងវេទិកាស្ដីពី “ការវិនិយោគ និងការធ្វើពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិក”។ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្តី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។ កម្មវិធីនេះក៏មានការចូលរួមផងដែររបស់ ឯកឧត្តមបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា រួមទាំងការចូលរួមពីតំណាង ភាគីពាក់ព័ន្ធ ពីតំណាងក្រសួង-ស្ថាប័ន រដ្ឋាភិបាល សរុបប្រមាណជា ៣៤០រូប។

វេទិកានេះមានគោលបំណង៖

១. ផ្សព្វផ្សាយអំពីច្បាប់និងបទប្បញ្ញត្ដិជាធរមានដល់វិនិយោគិនក្នុងវិស័យឧស្សាហកម្មកែច្នៃនាំចេញទៅសហរដ្ឋអាម៉េរិក ដើម្បីចូលរួមចំណែកបង្ការនិងទប់ស្កាត់បទល្មើសបន្លំដើមកំណើតទំនិញទៅកាន់ទីផ្សារសហរដ្ឋអាម៉េរិក

២. ដើម្បីបង្ហាញពីកាលានុវត្តភាព និងនិន្នាការវិនិយោគនៅកម្ពុជា និងបង្ហាញអំពី “វិធានការដើមកំណើតនិងវិធានការបង្ការការបន្លំដើមកំណើតទំនិញ” និង “ការវិនិយោគ និងការធ្វើពាណិជ្ជកម្ម - តុល្យភាពរវាងការថែរក្សាទីផ្សារសហរដ្ឋអាមេរិកនិងការទាក់ទាញវិនិយោគ"

ក្នុងគោលបំណងធានាអោយបាននូវសមត្ថភាពនាំចេញមានស្ថិរភាព ការពារការងារ និងស្ដារឡើងវិញនូវទំនុកចិត្តរបស់ធុរជន និងវិនិយោគិននៅកម្ពុជា

៣. ដើម្បីឆ្លើយតបនឹងការព្រួយបារម្មណ៍របស់វិស័យឯកជន ចំពោះសមត្ថភាពប្រកួតប្រជែង ជាមួយអាត្រាពន្ធថ្មី របស់សហរដ្ឋអាមេរិក លើទំនិញនាំចេញពីកម្ពុជា និងហានិភ័យនានា ដល់វិស័យឧស្សាហកម្ម និងចង្វាក់ផលិតកម្មឧស្សាហកម្ម និង វិស័យផ្សេងៗមួយចំនួនទៀត ក្នុងទិសដៅសកម្មភាពនាំចេញទៅទីផ្សារសហរដ្ឋអាមេរិក។

ថ្លែងនៅក្នុងវេទិការដ៏មានសារៈសំខាន់នេះ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធាន គ.ស.ឯ.រ.ជ បានលើកឡើងថា វេទិការនេះបានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរួមរវាងរាជរដ្ឋាភិបាលកម្ពុជា និងវិស័យឯកជនក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការជំនួញ បង្កើនទំនាក់ទំនងពាណិជ្ជកម្ម និងពង្រីកឱកាសវិនិយោគជាមួយសហរដ្ឋអាមេរិក ដែលជាដៃគូសេដ្ឋកិច្ចសំខាន់មួយរបស់កម្ពុជា។

អ្នកឧកញ៉ាប្រធាន បានបន្ថែមថាក្នុងរយៈពេលជិតពីរទសវត្សរ៍ចុងក្រោយនេះ កម្ពុជាសម្រេចបានការរីកចម្រើនគួរឱ្យកត់សម្គាល់នូវកំណើនសេដ្ឋកិច្ច ការអភិវឌ្ឍន៍វិស័យឧស្សាហកម្ម និងការធ្វើពាណិជ្ជកម្មប្រកបដោយចីរភាព។ សហរដ្ឋអាមេរិកគឺជាទីផ្សារនាំចេញដ៏សំខាន់មួយសម្រាប់ផលិតផលកម្ពុជា ជាពិសេសគឺសម្លៀកបំពាក់ ស្បែកជើង ផលិតផលធ្វើដំណើរ ការកើនឡើងក្នុងវិស័យកសិកម្ម ការផលិត ឡូជីស្ទិក និងបច្ចេកវិទ្យា។

តាមរយៈវេទិកានេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា, អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា និងក្រសួងពាណិជ្ជកម្ម បានប្តេជ្ញាចិត្តរួមគ្នាក្នុងដោះស្រាយបញ្ហានិងសំណូមពររបស់វិនិយោគិន ដើម្បីបង្ការនិងទប់ស្កាត់បទល្មើសបន្លំដើមកំណើតទំនិញ រក្សាទីផ្សារសហរដ្ឋអាម៉េរិក និងទាក់ទាញការវិនិយោគ ប្រកបដោយការទទួលខុសត្រូវ តម្លាភាព និងអនុលោមភាព។

គួរបញ្ជាក់ថា វេទិការដ៏មានសារៈសំខាន់នេះ ក៏មានការធ្វើវេទិការរពិភាក្សា ដែលចូលរួមដោយតំណាងក្រសួងស្ថាប័នពាក់ព័ន្ធលើប្រធានបទសំខាន់ៗរួមមាន៖ ១. កាលានុវត្តភាព និងនិន្នាការវិនិយោគនៅកម្ពុជា, ២. ការធ្វើធុរកិច្ចជាមួយសហរដ្ឋអាមេរិកក្នុងបរិបទពន្ធគយបដិការ (ពន្ធគយ និងរបាំងមិនមែនពន្ធគយ), ៣. វិធានដើមកំណើត និងវិធានការបង្ការការក្លែងបន្លំដើមកំណើតទំនិញ, ៣. ការវិនិយោគ និងការធ្វើពាណិជ្ជកម្ម៖តុល្យភាពរវាងការថែរក្សាទីផ្សារសហរដ្ឋអាមេរិក និងការទាក់ទាញវិនិយោគិន និង ៤. ស្ថានភាព និងទិដ្ឋភាពទូទៅអំពីពាណិជ្ជកម្ម និងការវិនិយោគរបស់សហរដ្ឋអាមេរិកនៅកម្ពុជា។

វេទិការនេះបានបញ្ចប់នៅថ្ងៃ ខែ ឆ្នាំដដែល នៅវេលាម៉ោង ១៣:២០នាទីថ្ងៃត្រង់ ក្រោមបរិយាកាសយោគយល់គ្នា និងលទ្ធផលជាផ្លែផ្កា។

————

ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកតាមរយៈ info.gpsfccc@gmail.com

#gpsfcambodia #pswg #gpswg #cambodiachamberofcommerce #សភាពាណិជ្ជកម្មកម្ពុជា #ccc

ចែករំលែក: