វេទិកាជំរុញផ្សព្វផ្សាយសួនឧស្សាហកម្មកម្ពុជា-ចិន
រាជធានីភ្នំពេញ៖ នារសៀលថ្ងៃចន្ទ ៣កើត ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ២០២៥ អ្នកឧកញ៉ា លី ឃុនថៃ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា តំណាងអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា អញ្ជើញចូលរួម និង ថ្លែងសុន្ទរកថាក្នុង វេទិកាជំរុញផ្សព្វផ្សាយសួនឧស្សាហកម្មកម្ពុជា-ចិន ដែលប្រព្រឹត្តទៅក្រោមអធិបតីរបស់ លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងមានការអញ្ជើញចូលរួមពី ឯកឧត្តម ចឹង យ័នតុង (Zheng Yuandong) អគ្គលេខាធិការរង នៃរដ្ឋាភិបាលប្រជាជន នៃតំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី ព្រមទាំង ថ្នាក់ ដឹកនាំក្រសួង ស្ថាប័នពាក់ព័ន្ធ គណៈប្រតិភូរដ្ឋាភិបាលតំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី និងវិនិយោគិន-ធុរជនកម្ពុជានិងចិន ជាច្រើនរូប។
វេទិកានេះរៀបចំឡើងដើម្បីផ្សព្វផ្សាយ និងផ្សារភ្ជាប់ទំនាក់ទំនងរវាងវិស័យឯកជនកម្ពុជា ចិន ព្រមទាំង ជំរុញការសាងសង់សួនឧស្សាហកម្មកម្ពុជា ចិន នៅកម្ពុជា។ ក្នុងឱកាសនៃកម្មវិធីនេះ ក្រុមហ៊ុនកម្ពុជា និងចិនចំនួន៩ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងអាជីវកម្ម ក្នុងគោលបំណងជំរុញការវិនិយោគបន្ថែមលើវិស័យសំខាន់ៗ ដូចជា ថាមពលថ្មី វិស័យកាត់ដេរ ការកែច្នៃ និងជំរុញការនាំចេញផលិតផលសក្តានុពលកម្ពុជាទៅកាន់ទីផ្សារប្រទេសចិន ក៏ដូចជាផ្សព្វផ្សាយនិងលើកកម្ពស់វិស័យទេសចរណ៍ និងវប្បធម៌រវាងប្រទេសទាំងពីរ ផងដែរ។