គណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជាធ្វើទស្សនកិច្ចនៅក្រុមហ៊ុន កៅស៊ូវៀតណាម (Vietnam Rubber Group)
ក្រុងហូជីមីញ ប្រទេសវៀតណាម៖ នាព្រឹកថ្ងៃពុធ ៦ រោច ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ពស. ២៥៦៩ ត្រូវនឹងថ្ងៃទី ១៦ ខែកក្កដា ឆ្នាំ២០២៥ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន-កម្ពុជា បានដឹកនាំគណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជាធ្វើទស្សនកិច្ច និងពិភាក្សាការងារ ជាមួយលោក លោក Trương Minh Trung អគ្គនាយករងទី១ នៃក្រុមហ៊ុនកៅស៊ូវៀតណាម (Vietnam Rubber group ) និងមានការចូលរួមពីធុរជនវៀតណាម និងកម្ពុជា ប្រមាណ ៤០ នាក់ ។
កិច្ចប្រជុំនេះធ្វើឡើង ដើម្បីស្វែងយល់ ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរួមគ្នា ជាពិសេសដើម្បីពង្រឹងចំណងសេដ្ឋកិច្ច ជំរុញពាណិជ្ជកម្ម និងការវិនិយោគទ្វេភាគី។ ថ្លែងក្នុងកិច្ចប្រជុំនេះ លោកអគ្គនាយករងទី១ នៃក្រុមហ៊ុនកៅស៊ូវៀតណាម បានបន្តថា "ក្រុមហ៊ុននឹងវិនិយោគដាំកៅស៊ូនៅកម្ពុជាប្រមាណ៣ម៉ឺនហិកតាបន្ថែមទៀត ដែលអាចបង្កើតការងារធ្វើដល់ពលរដ្ឋកម្ពុជាប្រមាណ១ម៉ឺននាក់បន្ថមទៀត សរុបទាំងអស់ក្រុមហ៊ុននឹងកើនឡើង នូវការវិនិយោគដាំកៅស៊ូសរុប ១២ម៉ឺនហិកតា បង្កើតការងារធ្វើដល់ប្រមាណ៣ម៉ឺននាក់"។ លោកអគ្គនាយករងទី១ នៃក្រុមហ៊ុនកៅស៊ូវៀតណាម ក៏បានស្នើស៉ំឲ្យអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន-កម្ពុជា ជួយគាំទ្រណែនាំដល់បណ្តាដៃគូរវិនិយោគិនដែលអាចចាប់ដៃគ្នាសហការជាមួយក្រុមហ៊ុនកៅស៊ូវៀតណាម ក្នុងន័យដើម្បីជំរុញវិស័យនេះឲ្យរីកចំរើនរួមគ្នា"។