គណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជាធ្វើទស្សនកិច្ចនៅក្រុមហ៊ុន Hoa Binh Group
ទីក្រុងហូជីមីញ ប្រទេសវៀតណាម៖ នាព្រឹកថ្ងៃអង្គារ ៥ រោច ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ពស. ២៥៦៩ ត្រូវនឹងថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ២០២៥ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន-កម្ពុជា បានដឹកនាំគណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជាធ្វើទស្សនកិច្ច និងពិភាក្សាការងារ ជាមួយលោក ឡេ វៀត ហៃ (Le Viet Hieu) ប្រធានក្រុមហ៊ុនសំណង់ហាវប៊ិញគ្រុប និងមានការចូលរួមពីសមាជិកសភាពាណិជ្ជកម្មកម្ពុជាប្រមាណ ៣០ រូប។
កិច្ចប្រជុំនេះធ្វើឡើង ដើម្បីស្វែងយល់ដោយផ្ទាល់ សម្រាប់កិច្ចសហប្រតិបត្តិការរួមគ្នា ជាពិសេសដើម្បីពង្រឹងចំណងសេដ្ឋកិច្ច ជំរុញពាណិជ្ជកម្ម និងការវិនិយោគទ្វេភាគី ព្រមទាំងស្វែងរកទីផ្សារកាន់តែទូលំទូលាយសម្រាប់ ផលិតផលកម្ពុជា ។ ក្រុមហ៊ុនសំណង់ហាវប៊ិញគ្រុប ជាក្រុមហ៊ុនសំណង់ដ៏ធំមួយនៅប្រទេសវៀតណាម ដែលមានជាង ៥០០ គម្រោង ទូទាំង៦ ប្រទេសក្នុងពិភពលោក រួមទាំងនៅប្រទេសកម្ពុជាផងដែរ។