ចូលជាសមាជិក        |        ខ្មែរ    EN

ព័ត៌មាន

ទំព័រដើម ព័ត៌មាន ព័ត៍មានលំអិត

ពីធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាង សភាពាណិជ្ជកម្មកម្ពុជា និងសហគ្រិនខ្មែរ

ពីធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាង សភាពាណិជ្ជកម្មកម្ពុជា និងសហគ្រិនខ្មែរ

...........................................................

(រាជធានីភ្នំពេញ)៖ ថ្ងៃពុធ ៧កើត ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៥ សភាពាណិជ្ជកម្មកម្ពុជា (CCC) និងសហគ្រិនខ្មែរ (KE) បានចុះអនុស្សរណៈយោគយល់គ្នា ដែលមានគោលបំណងជំរុញកិច្ចសហការ និងការអភិវឌ្ឍសម្រាប់សហគ្រាសធុនតូច និងមធ្យម (SMEs)។

អនុស្សរណៈយោគយល់គ្នានេះ ត្រូវបានចុះហត្ថលេខាក្នុងអំឡុងពេលនៃ វេទិកាធុរកិច្ច និងនវានុវត្តន៍ឆ្នាំ២០២៥ ដែលជាផ្នែកមួយនៃព្រឹត្តការណ៍ប្រចាំឆ្នាំ ដែលរៀបចំដោយសភាពាណិជ្ជកម្មកម្ពុជា។

ភាគីហត្ថលេខីនៃអនុស្សរណៈនេះ រួមមាន អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា និងឯកឧត្តម បណ្ឌិត ឈៀង វណ្ណមុនិណ្ឌ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកនាយកប្រតិបត្តិនៃសហគ្រិនខ្មែរ។

ថ្លែងក្នុងឱកាសនោះដែរ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា បានមានប្រសាសន៍គូសបញ្ជាក់ថា៖ អនុស្សរណៈនេះ គឺដើម្បីផ្តល់នូវក្របខ័ណ្ឌទូទៅ និងវិសាលភាពសម្រាប់ទំនាក់ទំនងសហប្រតិបត្តិការ និងសកម្មភាពរវាងសភាពាណិជ្ជកម្មកម្ពុជា និងសហគ្រិនខ្មែរ ក្នុងការប្តេជ្ញាចិត្តទៅវិញទៅមកក្នុងការលើកកម្ពស់ប្រព័ន្ធអេកូឡូស៊ីប្រកបដោយនិរន្តរភាព និងផ្ដល់ផលប្រយោជន៍ដល់សហគ្រិន អ្នកចាប់ផ្តើមអាជីវកម្ម និងសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា។

ឯកឧត្ដមបណ្ឌិត ឈៀង វណ្ណមុនិណ្ឌ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជានាយកប្រតិបត្តិនៃសហគ្រិនខ្មែរ បានមានប្រសាសន៍ថា៖ “កិច្ចសហប្រតិបត្តិការនេះ បានឱ្យសហគ្រិនខ្មែរ មានឱកាសជំរុញគោលនយោបាយ និងការគាំទ្ររបស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈបណ្តាញដ៏ធំទូលំទូលាយរបស់សភាពាណិជ្ជកម្មកម្ពុជា ដូចជា សភាពាណិជ្ជកម្មខេត្ត ដែលផ្តល់ជាប្រយោជន៍ទៅដល់សមាជិករបស់ខ្លួន និងសហគ្រាសធុនតូច និងមធ្យមនៅ ទូទាំងប្រទេស។”

អនុស្សរណៈខាងលើនេះ មានគោលបំណងសំខាន់ជំរុញកិច្ចសហប្រតិបត្តិការដ៏រឹងមាំរវាងសភាពាណិជ្ចកម្មកម្ពុជា និង សហគ្រិនខ្មែរ។ អនុស្សរណៈនេះ មានសារៈសំខាន់ក្នុងការគូសបញ្ជាក់ថា ភាគីទាំងពីរ បានសហការគ្នាលើកម្មវិធីផ្សេងៗ តាំងពីឆ្នាំ២០២២ មកម្ល៉េះ។ កម្មវិធីទាំងអស់នោះ បានជួយដល់ម្ចាស់អាជីវកម្មប្រមាណ ៤៦២៩នាក់ តាមរយៈការរៀបចំវគ្គបណ្តុះបណ្តាល សិក្ខាសាលា និងការពង្រីកបណ្តាញ ដើម្បីពង្រីកឱកាសទីផ្សារ៕

រូបថត និងអត្ថបទ៖ នាយកដ្ឋានទំនាក់ទំនងសភាពាណិជ្ជកម្មខេត្ត-ក្រុង

ចែករំលែក: