ជំនួបសម្តែងការគួរសមនិងពិភាក្សាការងារជាមួយនឹង តំណាងក្រុមប្រឹក្សាអភិវឌ្ឍន៍ពាណិជ្ជកម្មរបស់តំបន់ស្វយ័តហុងកុង (Hong Kong Trade Development Council)
(រាជធានីភ្នំពេញ) នាព្រឹកថ្ងៃអង្គារ ៦កើត ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម ឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា អមដោយលោកជំទាវ ឧកញ៉ា នួន ពេជ្រសុផល អគ្គនាយករងជាន់ខ្ពស់សភាពាណិជ្ជកម្មកម្ពុជា បានទទួល ជំនួបសម្តែងការគួរសមនិងពិភាក្សាការងារជាមួយនឹង តំណាងក្រុមប្រឹក្សាអភិវឌ្ឍន៍ពាណិជ្ជកម្មរបស់តំបន់ស្វយ័តហុងកុង នៅទីក្រុងភ្នំពេញ (Hong Kong Trade Development Council)។
គោលបំណងនៃជំនួបនេះគឺ ពិភាក្សានិងជម្រាបអំពី កិច្ចប្រជុំកំពូលផ្លូវនិងខ្សែក្រវ៉ាត់លើកទី១០ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១០-១១ ខែកញ្ញា ឆ្នាំ២០២៥ នៅទីក្រុងហុងកុង នៃសាធារណរដ្ឋប្រជាមានិតចិន។ នាឱកាសនេះផង តំណាងក្រុមប្រឹក្សាអភិវឌ្ឍន៍ពាណិជ្ជកម្មរបស់តំបន់ស្វយ័តហុងកុង បាននាំមកនូវលិខិតអញ្ជើញ ដើម្បីគោរពអញ្ជើញ អ្នកឧកញ៉ា គិត ម៉េង និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា និងគណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា អញ្ជើញចូលរួមកិច្ចប្រជុំកំពូលខាងលើ។
ជំនួបនេះបានបញ្ចប់នៅថ្ងៃខែឆ្នាំដដែលដោយលទ្ធផលវិជ្ជមាន។