ចូលជាសមាជិក        |        ខ្មែរ    EN

ព័ត៌មាន

ទំព័រដើម ព័ត៌មាន ព័ត៍មានលំអិត

វគ្គបណ្ដុះបណ្ដាលស្តីពី “វិធីសាស្ដ្រក្នុងការរៀបចំផែនការ និងរបាយការណ៍ហិរញ្ញវត្ថុ សម្រាប់អាជីវកម្ម តាមបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត”

វគ្គបណ្ដុះបណ្ដាលស្តីពី “វិធីសាស្ដ្រក្នុងការរៀបចំផែនការ និងរបាយការណ៍ហិរញ្ញវត្ថុ សម្រាប់អាជីវកម្ម តាមបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត”

....................................................................

ភ្នំពេញ៖ ដោយទទួលបានការគាំទ្រពីសហគ្រិនខ្មែរ សភាពាណិជ្ជកម្មកម្ពុជា និងមជ្ឈមណ្ឌលអភិវឌ្ឍធុរកិច្ច រួមសហការជាមួយមូលនិធិអភិវឌ្ឍន៍ជំនាញ(SDF) និងក្រុមហ៊ុន កូដីងហ្គេត ថេកណូឡូជី ឯ.ក បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី “វិធីសាស្ដ្រក្នុងការរៀបចំផែនការ និងរបាយការណ៍ហិរញ្ញវត្ថុ សម្រាប់អាជីវកម្ម តាមបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត” ក្រោមអធិបតីភាព ឯកឧត្តមឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៥ ជូនដល់ពាណិជ្ជករ-អាជីវករ និងសមាជិក សមាជិកាទាំងអស់ ដែលជាម្ចាស់សហគ្រាសធុនតូច និងមធ្យមសរុបប្រមាណ ៦០ នាក់។

ការរៀបចំវគ្គបណ្ដុះបណ្ដាលខាងលើនេះ មានគោលបំណងសំខាន់ក្នុងផ្ដល់ចំណេះដឹងផ្នែកបច្ចេកវិទ្យាឌីជីថល ជាពិសេសគឺការប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត នៅក្នុងអាជីវកម្ម ជូនដល់ពាណិជ្ជករ-អាជីវករ និងសមាជិក សមាជិកា ឱ្យស្របតាមយុគ្គសម័យកាលឌីជីថល និងការវិវត្តន៍យ៉ាងឆាប់រហ័សនៃសកលលោក ដែលងាកទៅរកការប្រើប្រាស់ ប្រព័ន្ធបច្ចេកវិទ្យាថ្មីៗ ក្នុងការផ្លាស់ប្តូរសេដ្ឋកិច្ច-ពាណិជ្ជកម្ម និងជំរុញឱ្យការគ្រប់គ្រងអាជីវកម្មទទួលបាន ប្រសិទ្ធភាពខ្ពស់។

តាមរយៈការបណ្តុះបណ្តាលដោយផ្ទាល់ពីលោក សុខ សុភមង្គល ដែលជានាយកប្រតិបត្តិក្រុមហ៊ុនបានធ្វើបទបង្ហាញជាមួយមេរៀនសំខាន់ៗ ដែលផ្តោតលើការរៀបចំផែនការ និងរបាយការណ៍ហិរញ្ញវត្ថុមួយដែលត្រឹមត្រូវសម្រាប់អាជីវកម្ម តាមរយៈការប្រើប្រាស់ជំនួយពីបច្ចេកវិទ្យា Gatemaster Ai និងជួយឱ្យផែនការ និងរបាយការណ៍មានតម្លាភាព កាត់បន្ថយកំហុសឆ្គង កសាងទំនុកចិត្តជាមួយដៃគូរ និងងាយស្រួលក្នុងការវាយតម្លៃកាតព្វកិច្ចផ្នែកពន្ធនានា។

សូមបញ្ជាក់ថា ក្រោមការចង្អុលបង្ហាញរបស់អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា តែងតែណែនាំឱ្យមានការយកចិត្តទុកដាក់ខ្ពស់ទៅកាន់សមាជិក-សមាជិកា និងជាពិសេស អាជីវករ-ពាណិជ្ជករ និងធុរជន ដែលជាម្ចាស់សហគ្រាសធុនតូច និងមធ្យម តាមរយៈការបង្កើតឱ្យមានកម្មវិធីផ្សេងៗ ដើម្បីទទួលបាននូវចំណេះដឹងផ្នែកបច្ចេកវិទ្យាឌីជីថល សម្រាប់ការបង្កើនប្រសិទ្ធភាពអាជីវកម្មស្របតាមការវិវត្តន៍យ៉ាងឆាប់រហ័សនៃសកលលោក។

កម្មវិធីបណ្ដុះបណ្ដាលខាងលើទទួលបាន ការឧបត្ថម្ភពីធនាគារវីង (ខេមបូឌា) ម.ក, ធនាគារប្រៃសណីយ៍កម្ពុជា ក.អ ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ ម.ក និងធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា ម.ក។

រូបភាព និងអត្ថបទដោយ៖ នាយកដ្ឋានទំនាក់ទំនងសភាពាណិជ្ជកម្មខេត្ត-ក្រុង

ចែករំលែក: