កិច្ចប្រជុំពិភាក្សាលើកទី១ ស្តីពី កំណើនសេដ្ឋកិច្ចកម្ពុជា
First Cambodia Economic Growth Dialogue.
———
នៅព្រឹកថ្ងៃពុធ ០៥កើត ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៥ វេលាម៉ោង ០៨:៣០នាទី នៅសណ្ឋារគារណូវូតែលភ្នំពេញ, ឧកញ៉ា គួច ផេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាសហប្រធាន "ឆ" ផ្នែកឯកជន នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន តំណាង អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានគណៈកម្មការសម្របសម្រួលក្រុមការងារ ផ្នែកឯកជន សម្រាប់យន្តការាជរដ្ឋាភិបាល-ផ្នែកឯកជន (គ.ស.ឯ.រ.ជ) បានដឹកនាំសមាជិក សមាជិកានៃសភាពាណិជ្ជកម្មកម្ពុជា ចូលរួមក្នុងកិច្ចប្រជុំពិភាក្សាលើកទី១ ស្តីពី កំណើនសេដ្ឋកិច្ចកម្ពុជា ដែលកិច្ចប្រជុំនេះត្រូវបានរៀបចំឡើងដោយមានការសហការគ្នារវាងកម្មវិធីជំនួយនៃរដ្ឋាភិបាលអូស្រ្តាលី, កម្មវិធីភាពជាដៃគូកម្ពុជា អូស្រា្តលីសម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ចប្រកបដោយភាពធន់ (CAPRED) និងធនាគារពិភពលោកប្រចាំនៅកម្ពុជា។ កិច្ចប្រជុំពិភាក្សានេះក៏មានការចូលរួមផងដែរពីសំណាក់តំណាងសមាគមឯកជនទាំងជាតិ និងអន្តរជាតិ, ដៃគូអភិវឌ្ឍន៍ និងអ្នកពាក់ព័ន្ធមួយចំនួនទៀតផងដែរ។
កិច្ចប្រជុំនេះមានគោលបំណង ដើម្បីផ្តល់ឱកាសជូនដល់ផ្នែកឯកជន ស្តាប់នូវបទបង្ហាញដ៏ស៊ីជម្រៅស្តីពីការស្រាវជ្រាវចុងក្រោយស្តីពីកំណើនសេដ្ឋកិច្ច, ផលិតភាព, ពិពិធកម្មយុទ្ធសាស្ត្រ និងបញ្ហាប្រឈមភូមិសាស្ត្រនយោបាយរបស់ប្រទេសកម្ពុជា។ បទបង្ហាញទាំងនោះត្រូវបានរៀបចំឡើងដើម្បីជំរុញការសន្ទនាជុំវិញបរិយាកាសសេដ្ឋកិច្ចបច្ចុប្បន្ន និងអនាគតរបស់កម្ពុជា។ តំណាងវិស័យឯកជនក៏ត្រូវបានអញ្ជើញឱ្យធ្វើបទបង្ហាញ អំពីទស្សនៈយល់ឃើញលើសេដ្ឋកិច្ចរបស់កម្ពុជាផងដែរ។
កិច្ចប្រជុំនេះបានបញ្ចប់នៅថ្ងៃ ខែ ឆ្នាំដដែល នៅវេលាម៉ោង ០៣:៤៥នាទីរសៀល ក្រោមបរិយាកាសយោគយល់គ្នា និងលទ្ធផលជាផ្លែផ្កា។
————
ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកតាមរយៈ info.gpsfccc@gmail.com
#gpsfcambodia #pswg #gpswg #cambodiachamberofcommerce #សភាពាណិជ្ជកម្មកម្ពុជា #ccc