នាថ្ងៃសៅរ៍ ៦កើតខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៣ នៅប្រទេសជប៉ុន ឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា តំណាងអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា ដឹកនាំគណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា ទស្សនកិច្ចក្រុមហ៊ុនជប៉ុនចំនួនបី ដើម្បីស្វែងយល់ពីស្ថានភាពនៃធុរកិច្ចជប៉ុន និងពិនិត្យលទ្ធភាពជំរុញកិច្ចសហប្រតិបត្តិរវាងក្រុមហ៊ុនជប៉ុន និងក្រុមហ៊ុនកម្ពុជា។ ដំណើរទស្សនកិច្ចនេះធ្វើឡើងក្នុងអំឡុងពេលនៃការរៀបចំការបោះឆ្នោតជ្រើសរើសសមាជិកជ្រើសតាំងការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជានៅតំបន់សេនដៃប្រទេសជប៉ុន។
ក្រុមហ៊ុនទាំងបីរួមមាន៖ ១) ក្រុមហ៊ុន YAOKO Co., Ltd ផលិតបន្លែសរីរាង្គនិងផ្គត់ផ្គង់ទៅផ្សារទំនើបរបស់ក្រុមហ៊ុនផ្ទាល់ ២)ក្រុមហ៊ុន Nagase Co,. Ltd ជាក្រុមហ៊ុនផលិតនិងច្នៃគ្រឿងបង្គុំធ្វើពីលោហៈ និង៣) ក្រុមហ៊ុន Kokubo Co., Ltd ជាក្រុមហ៊ុនផលិតសម្ភារៈប្រើប្រាស់ផ្ទះបាយ គ្រឿងបន្ទប់ទឹក ផលិតផលសម្អាត និង ផលិតផលសុខភាពនិងសម្ភស្ស។