(រាជធានីភ្នំពេញ)៖ នាព្រឹកថ្ងៃចន្ទ ១រោច ខែមាឃ ឆ្នាំខាល ចត្វាសក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៣ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា បានដឹកគណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា អញ្ជើញគោរពវិញ្ញាណក្ខន្ធសព លោកជំទាវ ប៊ុន សុថា ហៅ ប៊ុន សាមហ៊ឹង ឧត្តមភរិយា ឯកឧត្តម តាន់ បញ្ញាវុធ និងត្រូវជា ប្អូនស្រីបង្កើត សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។
នៅក្នុងវេលាប្រកបដោយក្តីខ្សឹកខ្សួលរំជួលចិត្ត ក្រៀមក្រំស្ទើររកទីបំផុតគ្មាននេះ អ្នកឧកញ៉ា គិត ម៉េង និងលោកជំទាវ ព្រមទាំង ព្រមទាំងប្រធានសភាពាណិជ្ជកម្មរាជធានី-ខេត្ត ថ្នាក់ដឹកនាំ និង សមាជិក សមាជិកា នៃសភាពាណិជ្ជកម្មកម្ពុជា សូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំ ដោយសេចក្តីសោកសង្រេងជាទីបំផុត ជាមួយ ឯកឧត្តម តាន់ បញ្ញាវុធ ព្រមទាំងក្រុមគ្រួសារ និង សម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នៃសព និងសូមឧទ្ទិសបួងសួង ដល់ដួងវិញ្ញាណក្ខន្ធ លោកជំទាវ ប៊ុន សុថា ហៅ ប៊ុន សាមហ៊ឹង សូមឆាប់បានចាប់កំណើតកើតក្នុងសុគតិភពគ្រប់ៗជាតិ កុំបីឃ្លៀងឃ្លាតឡើយ។