ចូលជាសមាជិក        |        ខ្មែរ    EN

ព័ត៌មាន

ទំព័រដើម ព័ត៌មាន ព័ត៍មានលំអិត

ជំនួបសម្តែងការគួរសម្យ និងពិភាក្សាការងារជាមួយគណៈប្រតិភូនៃនាយកដ្ឋានជំរុញពាណិជ្ជកម្មអន្តរជាតិនៃព្រះរាជាណាចក្រថៃប្រចាំព្រះរាជាណាចក្រកម្ពុជា

នារសៀលថ្ងៃព្រហស្បតិ៍ ៦ រោច ខែបុស្ស ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី ១២ ខែមករា ឆ្នាំ២០២៣ នៅអគ្គនាយកដ្ឋានសភាពាណិជ្ជកម្មកម្ពុជា ឯកឧត្តម ឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា តំណាង អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា បានទទួលជួបសម្តែងការគួរសម្យ និងពិភាក្សាការងារជាមួយគណៈប្រតិភូនៃនាយកដ្ឋានជំរុញពាណិជ្ជកម្មអន្តរជាតិនៃព្រះរាជាណាចក្រថៃប្រចាំព្រះរាជាណាចក្រកម្ពុជា។

ជាបឋម ឯកឧត្តម ឧកញ៉ា ងួន ម៉េងតិច បានស្វាគមន៍ដល់គណៈប្រតិភូដែលបានអញ្ជើញមកសម្តែងការគួរសម្យ និងពិភាក្សាការងារនាថ្ងៃនេះ។ បន្ទាប់មកគណៈប្រតិភូបានថ្លែងអំណរគុណចំពោះ ឯកឧត្តម ឧកញ៉ា ងួន ម៉េងតិច ដែលបានឆ្លៀតពេលដ៏មានតម្លៃទទួលជួបជាមួយគណៈប្រតិភូ។ បន្ថែមពីលើនេះផងដែរគណៈប្រតិភូបានលើកឡើងថាគណៈប្រតិភូបាននឹងកំពុងរៀបចំជំនួបពាណិជ្ជកម្មនៅព្រះរាជាណាចក្រកម្ពុជានៅក្នុងខែកុម្ភៈ ឆ្នាំ២០២៣ ខាងមុខនេះ និងបានស្នើ ឯកឧត្តម ឧកញ៉ា ងួន ម៉េងតិច ជួយផ្សព្វផ្សាយ និងអញ្ជើញ សមាជិក សភាពាណិជ្ជកម្មកម្ពុជាចូលរួមឲ្យបានផុសផុលផងដែរ។

ជាការឆ្លើយតប ឯកឧត្តម ឧកញ៉ា ងួន ម៉េងតិច បានទទួលសំណើរទាំងនេះ ថែមទាំងជួយអញ្ជើញ សមាជិក សភាពាណិជ្ជកម្មកម្ពុជា ចូលរួមក្នុងកម្មវិធីខាងលើនេះថែមទៀតផងដែរ។

កិច្ចប្រជុំនេះបានបញ្ចប់ដោយរលូនប្រកបដោយការពិភាក្សាគ្នាយ៉ាងយកចិត្តទុកដាក់ និងទទួលបានលទ្ធផលគួរជាទីគាប់ចិត្ត។

 

ចែករំលែក: