ចូលជាសមាជិក        |        ខ្មែរ    EN

ព័ត៌មាន

ទំព័រដើម ព័ត៌មាន ព័ត៍មានលំអិត

ជំនួបសម្តែងការគួរសម និងពិភាក្សាការងារ ដោយប្រធានសមាគម សហគ្រិនវ័យក្មេងកម្ពុជា ចំពោះ ប្រធានសភាពាណិជ្ជកម្មកម្ពុជា

នាព្រឹកថ្ងៃពុធ ៨កើត ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២២ វេលាម៉ោង ១១ ព្រឹក នៅសភាពាណិជ្ជកម្មកម្ពុជា អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា បានអនុញ្ញាតឲ្យ លោក ស៊ាង សុបញ្ញា ប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជា ជួបសម្តែងការគួរសម និងពិភាក្សាការងារ ។ កិច្ចពិភាក្សាផ្តោតជាសំខាន់លើកិច្ចសហប្រតិបត្តិការរៀបំព្រឹត្តិការណ៍សហគ្រិនវ័យក្មេង

អាស៊ាន ដែលសមាគមសហគ្រិនវ័យក្មេងកម្ពុជា ត្រូវធ្វើជាម្ចាស់ផ្ទះរៀបចំកម្មវិធីទាំងនោះ។

អ្នកឧកញ៉ា គិត ម៉េង មានប្រសាសន៍ស្វាគមន៍យ៉ាងកក់ក្តៅចំពោះ ថ្នាក់ដឹកនាំ សមាជិកសមាជិកា សមាគមសហគ្រិនវ័យក្មេងកម្ពុជា និងថ្លែងអំណរគុណចំពោះកិច្ចសហប្រតិបត្តិការល្អជាមួយសភាពាណិជ្ជកម្មកម្ពុជា នាពេលកន្លង

មក។ អ្នកឧកញ៉ាប្រធាន ជំរុញឲ្យសមាគមសហគ្រិនវ័យក្មេងកម្ពុជា ចូលរួមកាន់តែសកម្មឡើងជាមួយសភាពាណិជ្ជកម្មកម្ពុជា ក្នុងការរៀបចំព្រឹត្តិការណ៍អន្តរជាតិដែលបង្ហាញពីកិត្តិនាមរបស់កម្ពុជាលើឆាកអន្តរជាតិ និងចាត់ទុកសហគ្រិនវ័យក្មេងជាកម្លាំងចលករដ៏សំខាន់មួយក្នុងការជួយគាំទ្រដល់ការរៀបចំដោយជោគជ័យនូវព្រឹត្តិការណ៍អាស៊ានដែលវិស័យឯកជនកម្ពុជាទទួលបន្ទុករៀបចំក្នុងឆ្នាំ២០២២ នេះ។

លោក ស៊ាង សុបញ្ញា ថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅបំផុតចំពោះ អ្នកឧកញ៉ា គិត ម៉េង ដែលបានឆ្លៀតពេលដ៏មមាញឹក ទទួលជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំ សមាជិកសមាជិកា សមាគមសហគ្រិនវ័យក្មេង ។ លោក បាន ជម្រាបជូន អ្នកឧកញ៉ាប្រធានថា ឆ្នាំ២០២២នេះ សមាគមសហគ្រិនវ័យក្មេងកម្ពុជា ទទួលភារៈជាម្ចាស់ផ្ទះដឹកនាំក្រុមប្រឹក្សាសមាគមសហគ្រិនវ័យក្មេងអាស៊ាន និងត្រូវរៀបចំព្រឹត្តិការណ៍ធំៗជាច្រើនដូចជា មហោស្រពសហគ្រិនវ័យក្មេង

អាស៊ានឆ្នាំ២០២២ ជាដើម។ ក្នុងន័យនេះ លោក ស្នើសុំមតិណែនាំ អនុសាសន៍ និង ការគាំទ្រ របស់ អ្នកឧកញ៉ាប្រធាន ដើម្បីរៀបចំព្រឹត្តិការណ៍នេះប្រកបដោយជោគជ័យជាកិត្តិយសជាតិ។ ឆ្លៀតក្នុងឱកាសនេះដែរ លោក ក៏បានគោរពជូនពរ និងអបអរសាទអ្នកឧកញ៉ាប្រធាន ដែលទទួលតំណែងជា ប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន។

 

 

ចែករំលែក: