រាជធានីភ្នំពេញ៖ នារសៀលថ្ងៃអង្គារ ១៤ កើត ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២២ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា បានអញ្ជើញចូលរួម និងថ្លែងសុន្ទរកថាស្វាគមន៍ក្នុង ជំនួបធុរកិច្ច កម្ពុជា-ហុងគ្រី លើកទី១ តាមប្រព័ន្ធអនឡាញ ក្រោមមូលបទ “ការតភ្ជាប់ធុរកិច្ចកម្ពុជា-ហុងគ្រី៖ គន្លឹះក្នុងការជំរុញភាពជាដៃគូសេដ្ឋកិច្ច សម្រាប់ការស្តារសេដ្ឋកិច្ចដែលធន់នឹងវិបត្តិជំងឺរាតត្បាតសកលកូវីដ-១៩” ។ ជំនួបធុរកិច្ចនេះ ប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា និងមានការអញ្ជើញចូលរួមដោយផ្ទាល់ពី មន្ត្រីជាន់ខ្ពស់ វិនិយោគិន និងធុរជនប្រមាណ ៧០ នាក់។
អ្នកឧកញ៉ា គិត ម៉េង មានប្រសាសន៍ថ្លែងអំណរគុណចំពោះ ថ្នាក់ដឹកនាំក្រសួងពាណិជ្ជកម្ម កម្ពុជា និងក្រសួងការបរទេស និងពាណិជ្ជកម្ម ហុងគ្រី ដែលបានរៀបចំជំនួបធុរកិច្ចដ៏មានសារៈសំខាន់មួយនេះ ក្នុងការចូលរួមចំណែកពង្រឹងកិច្ចសហប្រតិបត្តការរវាងប្រទេសទាំងពីរ ទៅលើវិស័យសក្តានុពលសំខាន់ៗរួមមាន៖ កសិកម្ម និងកសិ- ឧស្សាហកម្ម ធារាសាស្ត្រ និងឧស្សាហកម្មវិស័យបរិស្ថាន សុវត្ថិភាពម្ហូបអាហារ សេវាកម្មទេសចរណ៍ បច្ចេកវិទ្យា វេជ្ជសាស្ត្រ និង ឱសថ និងកម្មន្តសាលនិងកាត់ដេរសម្លៀកបំពាក់។
ក្នុងឱកាសនៃជំនួបពាណិជ្ជកម្មនេះ ភាគីកម្ពុជា និងហុងគ្រី ជជែកពិភាក្សាអំពីគោលនយោបាយលើកទឹកចិត្តចំពោះការវិនិយោគ ស្ថានភាពបច្ចុប្បន្នក៏ដូចជាតម្រូវការនានាក្នុងវិស័យ កសិកម្ម ការកែច្នៃនិងសុវត្ថិភាពម្ហូបអាហារ សេវាកម្មទេសចរណ៍ ធនធានទឹកនិងឧស្សាហកម្មក្នុងវិស័យបរិស្ថាន កម្មន្តសាលនិងកាត់ដេរសម្លៀកបំពាក់ និងបច្ចេកវិទ្យាវេជ្ជសាស្ត្រនិងឱសថ។ វិនិយោគិន និងធុរជន នៃប្រទេសទាំងពីរ បានស្វែងយល់ពីទិដ្ឋភាព សក្តានុពល និងស្ថានភាពនៃ
ការវិនិយោគនៃប្រទេសទាំងពីរ ព្រមទាំងបានពិភាក្សាអំពីលទ្ធភាពក្នុងការសហការវិនិយោគ និងធ្វើធុរកិច្ចរួមគ្នានាពេលអនាគត។















ចូលជាសមាជិក
