ចូលជាសមាជិក        |        ខ្មែរ    EN

ព័ត៌មាន

ទំព័រដើម ព័ត៌មាន ព័ត៍មានលំអិត

កិច្ចប្រជុំគណៈកម្មាធិការរួម សម្រាប់សហគមន៍សេដ្ឋកិច្ចអាស៊ាន លើកទី ១២

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ៨កើត ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១០ ខែមីនា ឆ្នាំ២០២២ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន បានអញ្ជើញចូលរួម និងធ្វើបទអន្តរាគមន៍អំពី ទិសដៅអាទិភាពរបស់ក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានឆ្នាំ ២០២២ នៅក្នុងកិច្ចប្រជុំគណៈកម្មាធិការរួមសម្រាប់សហគមន៍សេដ្ឋកិច្ចអាស៊ានលើកទី ១២ តាមប្រព័ន្ធអនឡាញ ដែលប្រព្រឹត្តទៅ ក្រោមអធិបតីភាព ឯកឧត្តម សាវីនឌើ ស៊ីញ អគ្គលេខាធិការង

អាស៊ាន និង ជាប្រធានគណៈកម្មាធិការរួមសម្រាប់សហគមន៍សេដ្ឋកិច្ចអាស៊ាន ដោយមានការចូលរួមមន្ត្រីជាន់ខ្ពស់នៃប្រទេសសមាជិកអាស៊ាន និងតំណាងពីស្ថាប័នពាក់ព័ន្ធ។

ថ្លែងក្នុងឱកាសនៃ កិច្ចប្រជុំនេះ អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន បានថ្លែងអំណរគុណដល់ គណៈកម្មាធិការរួមសម្រាប់សហគមន៍សេដ្ឋកិច្ចអាស៊ាន ដែលបានអញ្ជើញក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានចូលរួមធ្វើបទអន្តរាគមន៍ក្នុងកិច្ចប្រជុំនេះ។ អ្នកឧកញ៉ាប្រធាន បានជម្រាបជូនអង្គប្រជុំអំពីទិសដៅអាទិភាពរបស់ក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន ដែលអនុលោមនិងគាំទ្រដល់មូលបទរួមរបស់កម្ពុជាដែលជាប្រធានអាស៊ាន។

បន្ថែមពីលើនេះ អ្នកឧកញ៉ាប្រធាន មានប្រសាសន៍ស្វាគមន៍និងអបរអរសាទរចំពោះការផ្តល់សច្ចាប័នដោយប្រទេសចំនួន១១ ទៅលើកិច្ចព្រមព្រៀងភាពជាដៃគគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) កាលពីខែមករា ឆ្នាំ២០២២ កន្លងទៅនេះ និងសង្ឃឹមថាប្រទេសផ្សេងទៀតនឹងផ្តល់សច្ចាប័នក្នុងពេលឆាប់ៗខាងមុខ។ អ្នកឧកញ៉ាប្រធានបានកក់សម្គាល់ថា ព្រះរាជាណាចក្រកម្ពុជា គឺជាប្រទេសដែល ”ឈានមុខគេ” ក្នុងការប្រើប្រាស់ កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ ដើម្បីនាំផលិតផលស្បែកជើងទៅកាន់ប្រទេសចិន។

 

 

ចែករំលែក: