រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃពុធ ១៤កើត ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២២ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន បានអញ្ជើញចូលរួមកិច្ចពិភាក្សារវាងក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានជាមួយនិង រដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន ដែលប្រព្រឹត្តទៅតាមប្រព័ន្ធអនឡាញ ក្រោមអធិបតីភាព ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្ម និងជាប្រធាននៃកិច្ចប្រជុំរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាន និងមានការចូលរួមពី រដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានទាំង១០ប្រទេស មន្ត្រីជាន់ខ្ពស់នៃប្រទេសសមាជិកអាស៊ាន តំណាងពីសមាជិកក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន និងតំណាងពីស្ថាប័នពាក់ព័ន្ធ។
ថ្លែងក្នុងឱកាសនៃ កិច្ចប្រជុំនេះ អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន បានជម្រាបជូន អង្គប្រជុំទាំងមូល អំពីការគាំទ្ររបស់ក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានចំពោះ មូលបទអាស៊ានដែលកម្ពុជាជាប្រធាន អាស៊ានរួមគ្នាធ្វើ៖ ដោះស្រាយបញ្ហាប្រឈមទាំងអស់គ្នា ។ អ្នកឧកញ៉ាប្រធានបានបញ្ជាក់អំពីទិសដៅអាទិភាព និងកម្មវិធីចម្បងៗរបស់ក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន ក្នុងការចូលរួមសម្រេចឲ្យបាននូវគោលដៅអាទិភាពសេដ្ឋកិច្ចរួមសម្រាប់ឆ្នាំ២០២២នេះ ដែលក្នុងនោះក៏មានការចូលរួមគាំទ្រពីក្រុមប្រឹក្សាធុរកិច្ចចម្រុះផងដែរ ទាំងផ្នែកបច្ចេកទេសនិងប្រឹក្សាយោបល់។
បន្ថែមពីលើនេះ សមាជិកនៃ ក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានទាំង១០ប្រទេស បានធ្វើបទអន្តរាគមន៍ និងរាយការណ៍ជូនអង្គប្រជុំអំពីវឌ្ឍនភាពការងារ និងសំណូមពរផ្សេងៗរបស់វិស័យជនរួមមាន៖ ការៀបចំកម្មវិធីពានរង្វាន់ធុរកិច្ចអាស៊ាន និង កម្មវិធីកិច្ចប្រជុំកំពូលធុរកិច្ចវិនិយោគអាស៊ានដែលនឹងប្រព្រឹត្តទៅនៅខែវិច្ឆិកាឆ្នាំ២០២២ នៅរាជធានីភ្នំពេញ បច្ចុប្បន្នភាពនៃការអនុវត្តគម្រោង ASEAN Digital Gateway and Travel Wallet, Digital Trade Connect, H.I.R.E.D, Smart Growth Connect, របាយការណ៍អនុសាសន៍អំពីឧស្សាហកម្មទេសចរណ៍អាស៊ាន ការលើកកម្ពស់សហគ្រាសមីក្រូ សហគ្រាសធុនតូចនិងមធ្យម របាយការណ៍ក្រុមការងារសេដ្ឋកិច្ចចីរភាពនិងមិនប៉ះពាល់បរិស្ថាន របាយការណ៍អនុសាសន៍អំពីវិធានការមិនមែនពន្ធគយនិងរបាំងមិនមែនពន្ធគយ ក៏ដូចជាបញ្ហាប្រឈមពាក់ព័ន្ធនិងកិច្ចសម្រួលពាណិជ្ជកម្ម កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ និងស្ថានភាពធុរកិច្ចមីយ៉ានម៉ា។






















ចូលជាសមាជិក
