ក្នុងឱកាសនៃដំណើរទស្សនកិច្ចធុរកិច្ចនៅសាធារណរដ្ឋតួកគី នាថ្ងៃ៩រោច ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃ២៥ ខែកុម្ភៈ ឆ្នាំ២០២២ សហព័ន្ធធុរជនឧស្សាហកម្មតួកគី បានរៀបចំពិធីជប់លៀងទទួលស្វាគមន៍គណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា ដែលដឹកនាំ ដោយ ឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា តំណាង អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា។
លោក Ferudun Cevahiroglu ប្រធានសហព័ន្ធធុរជនឧស្សាហកម្មតួកគី មានប្រសាសន៍ស្វាគមន៍យ៉ាងកក់ក្តៅចំពោះគណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា ដែលមកបំពេញទស្សនកិច្ចនៅតួកគី តបតាមការអញ្ជើញរបស់ សហព័ន្ធធុរជនឧស្សាហកម្មតួកគី បន្ទាប់ពីការរៀបចំវេទិកាធុរកិច្ចកម្ពុជា-តួកគី ប្រកបដោយជោគជ័យរួចមកកាលពីឆ្នាំ២០២១ កន្លងទៅ។ លោកបានបង្ហាញអំពីចំណាប់អារម្មណ៍របស់វិនិយោគិនតួកគីចំពោះសក្តានុពលសេដ្ឋកិច្ចកម្ពុជា និងកិច្ចសហប្រតិការលើវិស័យសំខាន់ៗដែលប្រទេសទាំងពីរអាចប្រតិបត្តិរួមគ្នាបាន រួមមានដូចជា សំណង់ ថាមពល និងធនធានរ៉ែ។ លោកស្នើឲ្យស្ថាប័នទាំងពីរសិក្សារួមគ្នាលើគម្រោងអាទិភាពមួយចំនួន បន្ទាប់មក សហព័ន្ធធុរជនឧស្សាហកម្មតួកគី នឹងដឹកនាំគណៈប្រតិភូធុរកិច្ចទៅកាន់កម្ពុជា ដើម្បីសិក្សាលទ្ធភាពសហការ និងអនុវត្តគម្រោង។
ឧកញ៉ា លឹម ហេង មានប្រសាសន៍ ថ្លែងអំណរគុណចំពោះ សហព័ន្ធធុរជនឧស្សាហកម្មតួកគី ដែលបានអញ្ជើញគណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា មកបំពេញទស្សនកិច្ចនៅតួកគី និង ចំពោះការទទួលស្វាគមន៍យ៉ាងកក់ក្តៅ។ ឧកញ៉ា គាំទ្រចំពោះការអភិវឌ្ឍគម្រោងរួមគ្នារវាងស្ថាប័នទាំងពីរ និងបានអញ្ជើញ លោក Ferudun Cevahiroglu ប្រធានសហព័ន្ធធុរជនឧស្សាហកម្មតួកគី ដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចនៅកម្ពុជា និងសិក្សាលទ្ធភាពសហការលើគម្រោងរួមគ្នា។ ឧកញ៉ា បានជម្រាបជូនលោកប្រធានសហព័ន្ធ អំពីសក្តានុពលសេដ្ឋកិច្ចកម្ពុជា និងវិស័យសំខាន់ៗដែលធុរជនប្រទេសទាំងពីរអាចសហការគ្នាបាន។ កម្ពុជា មានទីផ្សារទូលំទូលាយ ដោយកម្ពុជាបានចុះកិច្ចព្រមព្រៀងសេរីទ្វេភាគីជាមួយ ចិន និងកូរ៉េ កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ ការនាំផលិតផលកម្ពុជាដោយមិនជាប់ពន្ធទៅកាន់អង់គ្លស និង ទៅកាន់សហគមន៍អឺរ៉ុប (EBA) និង ការនាំចេញផលិតផលកម្ពុជាទៅសហរដ្ឋអាេមរិកក្នុងប្រព័ន្ធអនុគ្រោះពន្ធ (GSP)។
ដំណើរទស្សនកិច្ចនៅតួកគីនាពេលនេះ ឆ្លុះបញ្ចាំងពីកិច្ចសហប្រតិបត្តិការល្អ និង ការលើកកម្ពស់ទំនាក់ទំនងធុរកិច្ចរវាងស្ថាប័នទាំងពីរ និងប្រទេសទាំងពីរ។











ចូលជាសមាជិក
