ចូលជាសមាជិក        |        ខ្មែរ    EN

ព័ត៌មាន

ទំព័រដើម ព័ត៌មាន ព័ត៍មានលំអិត

កិច្ចប្រជុំស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចកម្ពុជា-តួកគី

នារសៀលថ្ងៃអាទិត្យ ១១រោច ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃ២៧ ខែកុម្ភៈ ឆ្នាំ២០២២ ឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា តំណាង អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា បានដឹកនាំគណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា ចូលរួមកិច្ចប្រជុំស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចកម្ពុជា-តួកគី នៅទីក្រុងអាំងការ៉ា សាធារណរដ្ឋតួកគី ដែលមានការចូរួមពី ឯកឧត្តម សន ច័ន្ទឬទ្ធី ទីប្រឹក្សាក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាសមាជិកក្រុមការងារសេដ្ឋកិច្ចការទូត លោក Ferudun Cevahiroglu ប្រធានសហព័ន្ធធុរជនឧស្សាហកម្មតួកគី រួមនិងអនុប្រធាននិងសមាជិកសហព័ន្ធធុរជនឧស្សាហកម្មតួកគី។

លោក Ferudun Cevahiroglu ប្រធានសហព័ន្ធធុរជនឧស្សាហកម្មតួកគី បានសម្តែងនូវទឹកចិត្តសោមនស្សរីករាយដែលបានជួបដោយផ្ទាល់ជាមួយគណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា និងបានរំលឹកពីការរៀបចំវេទិកាធុរកិច្ចកម្ពុជា-តួកគីតាមប្រព័ន្ធអនឡាញប្រកបដោយជោគជ័យកាលពីខែកញ្ញាឆ្នាំ២០២១ កន្លងទៅ។ លោកបញ្ជាក់ថា សហព័ន្ធធុរជនឧស្សាហកម្មតួកគី ត្រៀមខ្លួនរួចជាស្រេចក្នុងការសហការជាមួយ ភាគីកម្ពុជាទៅលើវិស័យសំខាន់ៗរួមមានដូចជា សំណង់ ថាមពល ធនធានរ៉ែ និង បច្ចេកវិទ្យា ដោយផ្តើមចេញពីការអនុវត្តគម្រោងរួមគ្នា ជា BOT ឬ PPP។ លោកបន្ថែមទៀតថា រាល់គម្រោងសហប្រតិបត្តិការទាំងអស់ នឹងត្រូវធ្វើឡើងតាមរយៈស្ថានទូតខ្មែរនៅតួកគី សភាពាណិជ្ជកម្មកម្ពុជា និងសហព័ន្ធធុរជនឧស្សាហកម្មតួកគី។ លោក នឹងដឹកនាំគណៈប្រតិភូធុរកិច្ចទៅបំពេញទស្សនកិច្ចនៅកម្ពុជា។

ឧកញ៉ា លឹម ហេង ថ្លែងអំណរគុណចំពោះ សហព័ន្ធធុរជនឧស្សាហកម្មតួកគី ដែលបានអញ្ជើញគណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា មកបំពេញទស្សនកិច្ចនៅតួកគី និងបង្ហាញនូវសេចក្តីសោមនស្សរីករាយដែលបានជួបដោយផ្ទាល់ជាមួយ ប្រធាន អនុប្រធាន និងសមាជិក សហព័ន្ធធុរជនឧស្សាហកម្មតួកកី នៅទីក្រុងអាំងការ៉ា សាធារណរដ្ឋតួកគី។ ឧកញ៉ា បានគូសបញ្ជាក់ថាប្រទេសកម្ពុជា និងតួកគីសុទ្ធតែមានអរិយធម៌រុងរឿង និងមានកិច្ចសហប្រតិបត្តិការល្អទាំងសេដ្ឋកិច្ច នយោបាយ និងការទូត។ ប្រទេសតួកគី គឺជាច្រកចូលដ៏សំខាន់សម្រាប់ផលិតផលកម្ពុជាចូលទៅកាន់ទីផ្សារអឺរ៉ុប ចំណែកឯ កម្ពុជាមានទីតាំងភូមិសាស្ត្រស្ថិតនៅកណ្តាលតំបន់អាស៊ាន ដែលជាច្រកចូលដ៏សំខាន់សម្រាប់ផលិតផលតួកគី។ ឧកញ៉ា បន្ថែមទៀតថា កម្ពុជាមានទីផ្សារទូលំទូលាយដែលវិនិយោគិនអាចនាំផលិតផលដែលផលិតនៅកម្ពុជាទៅកាន់ទីផ្សារនៃប្រទេសសមាជិកនៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ដែលមានប្រជាជនសរុបស្មើនឹង ៣០% នៃចំនួនប្រជាជនទូទាំងពិភពលោក ព្រមទាំងអាចនាំផលិតផលទៅកាន់ ចិន កូរ៉េ អាមេរិក អង់គ្លេស សហគមន៍អឺរ៉ុប និងអាស៊ាន ដោយមិនជាប់ពន្ធ។

ឆ្លៀតក្នុងឱកាសនៃកិច្ចប្រជុំស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចកម្ពុជា តួកគីនាពេលនេះ ឧកញ៉ា អញ្ជើញធុរជន និងវិនិយោគិនតួកគី ទៅបំពេញទស្សនកិច្ចនៅកម្ពុជា ដើម្បីចាប់យកកាលានុវត្តភាពនានា ទៅតាមវិស័យរៀងៗខ្លួន។ ប្រទេសទាំងពីរបានចុះកិច្ចព្រមព្រៀងស្តីពីការការពារនិងជំរុញការវិនិយោគ និងបានកំណត់គោលដៅសម្រេចឲ្យបាននូវទំហំពាណិជ្ជកម្មយ៉ោងហោចណាស់ ៥០០ លានដុល្លារអាមេរិកក្នុងមួយឆ្នាំ។

នៅចុងបញ្ចប់នៃកិច្ចប្រជុំ សមាជិកសហព័ន្ធធុរជនឧស្សាហកម្មតួកគី និងសមាជិកសភាពាណិជ្ជកម្មកម្ពុជា បានធ្វើបទអន្តរាគមន៍អំពីក្រុមហ៊ុន និងគម្រោងនានាដែលចង់សហការគ្នា ព្រមទាំងបានជួបពិភាក្សាគ្នាដោយផ្ទាល់ និងសិក្សាលទ្ធភាពសហការគ្នាទៅតាមវិស័យរៀងៗខ្លួន។

 

ចែករំលែក: