រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃចន្ទ ១១រោច ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២២ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា បានអញ្ជើញចូលរួមថ្លែងសុន្ទរកថាក្នុងពិធីបើក វេទិកាសេដ្ឋកិច្ចកម្រិតខ្ពស់ បេសកកម្មសេដ្ឋកិច្ច និងពាណិជ្ជកម្មហ្រ្វង់កូហ្វូនី ដែលប្រព្រឹត្តទៅ ក្រោមអធិបតីភាព ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និង លោកជំទាវ ល្វីស មូស៊ីគីវ៉ាបូ (Louise Mushikiwabo) អគ្គលេខាធិការនៃអង្គការអន្តរជាតិហ្រ្វង់កូហ្វូនី និងមានការចូលរួមពីតំណាង វិស័យសាធារណៈនិងវិស័យឯកជនជាង១៣០នាក់ និងក្រុមហ៊ុនអន្តរជាតិហ្វ្រង់កូហ្វូនីជិត ៧០ក្រុមហ៊ុន។ វេទិកានេះ ផ្តោតជាសំខាន់ទៅលើវិស័យចម្បងៗចំនួន៣ គឺវិស័យឌីជីថល ថាមពលកកើតឡើងវិញ និងកសិ-ឧស្សាហកម្ម ព្រមទាំងមានរៀបចំជាជំនួបពាណិជ្ជកម្មរវាងក្រុមហ៊ុនកម្ពុជា និងក្រុមហ៊ុនហ្រ្វង់កូហ្វូនីផងដែរ។
ថ្លែងក្នុងឱកាសនៃវេទិកាសេដ្ឋកិច្ចកម្រិតខ្ពស់នេះ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះគណៈប្រតិភូហ្វ្រង់កូហ្វូនី ដែលអញ្ជើញមកបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា ដែលជាបេសកកម្មសេដ្ឋកិច្ចនិងពាណិជ្ជកម្មអង្គការអន្តរជាតិហ្វ្រង់កូហ្វូនីលើកដំបូងនៅអាស៊ីអាគ្នេយ៍។
ក្នុងឱកាសនៃវេទិកាសេដ្ឋកិច្ចកម្រិតខ្ពស់នេះ ក្នុងនាមជាប្រធានសភាពាណិជ្ជកម្មកម្ពុជា អ្នកឧកញ៉ា គិត ម៉េង បានចុះអនុស្សរណយោគយល់ចំនួន៣ រវាងសភាពាណិជ្ជកម្មកម្ពុជា និងសភាពាណិជ្ជកម្មនៃប្រទេសហ្វ្រង់កូហ្វូនី ដែលប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និង លោកជំទាវ ល្វីស មូស៊ីគីវ៉ាបូ (Louise Mushikiwabo) អគ្គលេខាធិការនៃអង្គការអន្តរជាតិហ្រ្វង់កូហ្វូនី៖
១. អនុស្សរណៈយោគយល់រវាងសភាពាណិជ្ជកម្មកម្ពុជា និងសភាពាណិជ្ជកម្មបេណាំង (Benin)
២.អនុស្សរណៈយោគយល់រវាងសភាពាណិជ្ជកម្មកម្ពុជា និងសហព័ន្ធសភាពាណិជ្ជកម្មនិងឧស្សាហកម្មអាហ្វ្រិកខាងលិច
៣. អនុស្សរណៈយោគយល់រវាងសភាពាណិជ្ជកម្មកម្ពុជា និងសភាពាណិជ្ជកម្មនិងឧស្សាហកម្មកូដឹវ័រ (Côte d’Ivoire)
















ចូលជាសមាជិក
