ចូលជាសមាជិក        |        ខ្មែរ    EN

ព័ត៌មាន

ទំព័រដើម ព័ត៌មាន ព័ត៍មានលំអិត

ពិធីផ្សព្វផ្សាយ ស្តីពីការដាក់ឱ្យអនុវត្តជាផ្លូវការនូវ “ផែនការមេសម្រាប់ការអភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្តមណ្ឌលគិរី២០២១-២០៣៥”

ព្រឹក ថ្ងៃចន្ទ ១០កើត ខែចេត្រ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១១ ខែមេសា ឆ្នាំ២០២២ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា ដឹកនាំសមាជិកមួយចំនួននៃសភាពាណិជ្ជកម្មកម្ពុជា បានអញ្ជើញចូលរួមពីចម្ងាយតាមរយៈប្រព័ន្ធវីដេអូហ្ស៊ូម (zoom) ក្នុងពិធីផ្សព្វផ្សាយ ស្តីពីការដាក់ឱ្យអនុវត្តជាផ្លូវការនូវ “ផែនការមេសម្រាប់ការអភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្តមណ្ឌលគិរី២០២១-២០៣៥” ក្រោមអធិបតីភាព ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានណៈកម្មាធិជាតិអភិវឌ្ឍន៍ទេសចរណ៍ និងវត្តមាន ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការជាតិអភិវឌ្ឍន៍ទេសចរណ៍ និងមានការចូលរួមពីភាគីពាក់ព័ន្ធសំខាន់ៗ ដូចជា សហព័ន្ធនិយោជក និងសមាគមពាណិជ្ជកម្ម (CAMFEBA), សម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យម (FASMEC), សហព័ន្ធស្រូវអង្ករកម្ពុជា (CRF), សមាគមសហគ្រិនវ័យក្មេងកម្ពុជា (YEAC) និងមានការចូលរួមពីរដ្ឋបាលរាជធានីខេត្ត, ដៃគូអភិវឌ្ឍន៍នានា ព្រមទាំងថ្នាក់ដឹកនាំនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ និងតំណាងពីក្រុមហ៊ុនឯកជន សមាគមន៍ និងភាគីពាក់ព័ន្ធជាច្រើនទៀតផងដែរ។

ពិធីនេះមានគោលបំណងគឺ រាជរដ្ឋាភិបាលបានពិនិត្យឃើញពីសារៈសំខាន់និងភាពចាំបាច់ក្នុងការរៀបចំ និងផ្សព្វផ្សាយ ស្តីពីការដាក់ឱ្យអនុវត្តជាផ្លូវការនូវ “ផែនការមេសម្រាប់ការអភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្តមណ្ឌលគិរី២០២១-២០៣៥” ដើម្បីជាត្រីវិស័ចង្អុលបង្ហាញយន្តការនិងទិសដៅយុទ្ធសាស្ត្រសំខាន់ៗសម្រាប់ការអភិវឌ្ឍវិស័យទេសចរណ៍ខេត្តមណ្ឌលគិរី ឆ្លើយតបទៅនឹងចក្ខុវិស័យនៃការអភិវឌ្ឍជាតិក្នុងរយៈពេល (២០២១ ២០៣៥) និងបណ្តាឆ្នាំខាងមុខ ព្រមទាំងរួមចំណែកអភិវឌ្ឍភូមិភាគឥសាន្តដែលមានខេត្តមណ្ឌលគិរីជាស្នូល ឲ្យក្លាយជាប៉ូលសេដ្ឋកិច្ចទី៤ របស់កម្ពុជា ស្របតាមចក្ខុវិស័យវែងឆ្ងាយរបស់ សម្តេចតេជោនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

ក្នុងពិធីផ្សព្វផ្សាយ ស្តីពីការដាក់ឱ្យអនុវត្តជាផ្លូវការនូវ “ផែនការមេសម្រាប់ការអភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្តមណ្ឌលគិរី២០២១-២០៣៥” នេះ វិស័យឯកជន និងភាគីពាក់ព័ន្ធនានាជាច្រើន បានគាំទ្រ និងសាទរយ៉ាខ្លាំងចំពោះការផ្សព្វផ្សាយ និងដាក់អនុវត្តជាផ្លូវការនៃផែនការមេ ដើម្បីកែប្រែមុខមាត់ថ្មី និងឳកាសដល់វិស័យឯកជនទទួលបានការចូលរួមក្នុងការអនុវត្តផែនការមេ និងពង្រីកសកម្មភាពពាណិជ្ជកម្ម និងការវិនិយគនានាក្នុងពេលអនាគតដ៌ខ្លីខាងមុខ ជាពិសេសបង្កើតការងារដល់ប្រជាជនក្នុងខេត្តមណ្ឌលគិរី និងខេត្តជិតខាងនៃខេត្តមណ្ឌលគិរីផងដែរ ដែលជាការចូលរួមនៃចំណែកតូចមួយធ្វើឲ្យមានកំណើនសេដ្ឋកិច្ចក្នុងតំបន់ផងដែរ។

ជាកិច្ចបញ្ចប់ ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានបញ្ជាក់ថា ការកំណត់លក្ខខណ្ឌដែលត្រូវរក្សាទុកសម្រាប់ការអភិវឌ្ឍន៍តំបន់ទេសចរណ៍នៅក្នុងផែនការមេនេះ និងជំរុញឲ្យ ខេត្តមណ្ឌលគិរី ប្រើប្រាស់ឲ្យអស់លទ្ធភាពនូវសក្តានុពលសម្បូបែបរបស់ខ្លួន តាមរយៈការអភិរក្សវិស័យទេសចរណ៍បែបធម្មជាតិ និង អភិវឌ្ឍជនជាតិដើមភាគតិច និងការផ្សារភ្ជាប់ពហុវិស័យដទៃទៀត ខេត្តមណ្ឌលគិរី ក៏មានសក្តានុពលដ៏ធំធេងផងដែរ ក្នុងវិស័យកសិកម្ម ជាពិសេស ការអភិវឌ្ឍន៍កសិដ្ឋានផ្កា បន្លែ ផ្លែឈើ និងដំណាំឧស្សាកម្ម នានាជាដើម។

ដើម្បីបង្ហាញពីការគាំទ្រយ៉ាងមុះមុតរបស់រាជរដ្ឋាភិបាល នៅក្នុងការជំរុញអនុវត្តផែនការមេនេះ ឲ្យទទួលបានផ្លែផ្ការ តាមការគ្រោងទុក ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានគូសរំលេច អនុសាសន៍គន្លឹះមួយចំនួន ដូចខាងក្រោម៖

១.ការចូលរួមសហការជាមួយក្រសួងទេសចរណ៍ សំណាក់ក្រសួងទាំងអស់នៅការអនុវត្តផែនការមេ គឺជាកិច្ចការចាំបាច់បំផុតមិនអាចខ្វះបាន និង

២.ស្នើឲ្យក្រសួងពាក់ព័ន្ធទាំងអស់ សិក្សា និងដាក់បញ្ចូលផែនការសកម្មភាព ដែលត្រូវបានកំណត់ក្នុងផែនការមេនេះ នៅក្នុងផែនការសកម្មភាពរបស់ ក្រសួង/ស្ថាប័នខ្លួន ឲ្យសម្របតាមក្របខណ្ឌនានា ដោយឈរលើស្មារតីបុរេសកម្ម ការទទួលខុសត្រូវខ្ពស់។

ពិធីនេះ បានបញ្ចប់នៅថ្ងៃខែឆ្នាំដដែល វេលាម៉ោង ១១:២០នាទីព្រឹក ក្នុងបរិយាកាសរីករាយ យោគយល់គ្នា និងទទួលបានលទ្ធផលជាផ្លែផ្កា។

————

ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកតាមរយៈ info.gpsfccc@gmail.com

 

 

ចែករំលែក: