ថ្ងៃសុក្រ ០៦រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី២២ ខែមេសា ឆ្នាំ២០២២ វេលាម៉ោង ០៣:០០នាទីល្ងាច ឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា តំណាងអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និង ឧកញ៉ា គួច ផេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានចូលរួមពិធីប្រកាសដាក់អនុវត្តជាផ្លូវការ នូវការប្រើប្រាស់ប្រព័ន្ធវាយតម្លៃហានិភ័យអ្នកដំណើរតាមផ្លូវអាកាស (Oficina launch of the Global Travel Assessment System-“GTAS”) នៅសាលាជាតិគយ ក្រោមអធិបតីភាព ឯកឧត្តម បណ្ឌិតសភាចារ្យ ជូ វិចិត្ត រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។ ពិធីនេះក៏មានការចូលរួមពីសំណាក់អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា សមាជិក សមាជិកា សភាពាណិជ្ជកម្មកម្ពុជា មន្ត្រីពាក់ព័ន្ធនៃក្រសួង ស្ថាប័នរដ្ឋាភិបាល រួមមាន ឯកឧត្តមបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា និង ឯកឧត្តមនាយឧត្តមសេនីយ៍បណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុក េដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ព្រមទាំង ឯកឧត្តមបណ្ឌិត Kunio MIKUIYA អគ្គលេខាធិការអង្គការគយពិភពលោក និង តំណាងអគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៃក្រសួងមហាផ្ទៃ, ក្រសួង-ស្ថាប័នរដ្ឋាភិបាល-ឯកជន ជាពិសេស បណ្តាក្រុមហ៊ុនអាកាសចរណ៍ជាតិនិងអន្តរជាតិហោះហើរចេញ-ចូលព្រះរាជាណាចក្រកម្ពុជា ជាច្រើនទៀតផងដែរ។
គោលបំណងនៃពិធីនេះគឺដើម្បីប្រកាសដាក់អនុវត្តជាផ្លូវការ នូវការប្រើប្រាស់ប្រព័ន្ធវាយតម្លៃហានិភ័យអ្នកដំណើរតាមផ្លូវអាកាស ដែលមានការណែនាំអំពីកាតព្វកិច្ចនិងវិធីសាស្ត្រមួយចំនួនដល់បណ្តាក្រុមហ៊ុនអាកាសចរណ៍ជាតិនិងអន្តរជាតិ និងក្រុមហ៊ុនហោះហើរជាលក្ខណៈឯកជនពាណិជ្ជកម្មដែលមានប្រតិបត្តិប្រកាសដាក់អនុវត្តជាផ្លូវការ នូវការប្រើប្រាស់ប្រព័ន្ធវាយតម្លៃហានិភ័យអ្នកដំណើរតាមផ្លូវអាកាសអន្តរជាតិចេញ-ចូលព្រះរាជាណាចក្រកម្ពុជា ដើម្បីអនុវត្តប្រព័ន្ធ ដែលជាឧបករណ៍បច្ចេកវិទ្យាថ្មីរបស់រាជរដ្ឋាភិបាលក្នុងពេលនេះ ដើម្បីតភ្ជាប់និងបញ្ជូនទិន្នន័យព័ត៌មានអ្នកដំណើរជាមុន (Advance Passenger Information-API) និងកំណត់ត្រាឈ្មោះអ្នកដំណើរ (Passenger Name Record -PRN) ពីបណ្តាក្រុមហ៊ុនអាកាសចរណ៍តាមផ្លូវអាកាសជាតិនិងអន្តរជាតិចេញ-ចូលព្រះរាជាណាចក្រកម្ពុជា មកកាន់ប្រព័ន្ធ GTAS ឆ្លងកាត់តាមថ្នាលផ្លាស់ប្តូរទិន្នន័យកម្ពុជា (Cambodia Dara Exchange-CamDX) ដែលស្ថាប័នមានសម្ថកិច្ច អាចប្រើប្រាស់ដើម្បីវិភាគហានិភ័យ តាមតួនាទីនិងភារកិច្ចរៀងៗខ្លួន ស្របតាមកម្មវិធីសន្តិសុខរបស់អង្គការគយពិភពលោក ក្នុងការប្រើប្រាស់ព័ត៌មាន API/PNR ដើម្បីត្រួតពិនិត្យការធ្វើដំណើររបស់បុគ្គលមានហានិភ័យខ្ពស់ទាំងឡាយ ដែលស្ថិតក្រោមស្មារតីសេចក្តីសម្រេចជាបន្តបន្ទាប់របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។
ប្រព័ន្ធនេះ ក៏នឹងផ្តល់អត្ថប្រយោជន៍ជាច្រើនផងដែរដូចជា៖
- បង្កើនប្រសិទ្ធភាពការងារអន្តរក្រសួង នៃក្រុមការងាររៀបចំ GTAS
- ចូលរួមទប់ស្កាត់បទល្មើសឆ្លងដែនតាមបណ្តាអាកាសយានដ្ឋានអន្តរជាតិ
- ចូលរួមប្រឆាំងសម្អាតប្រាក់និងហិរញ្ញប្បទានភេរវកម្ម
- ចូលរួមប្រឆាំងនិងចរាចរណ៍គ្រឿងញៀន
- លើកកម្ពស់កិច្ចសម្រួលពាណិជ្ជកម្មស្របច្បាប់ និង
- ចូលរួមជំរុញលំហូរភ្ញៀវទេសចរណ៍
- មិនតម្រូវឲ្យយកកម្រៃសេវាពីភ្ញៀវទេសចរណ៍
- មិនត្រូវឲ្យបន្ថែមបន្ទុកចំណាយថវិការដ្ឋ ដែលជាការចូលរួមគាំទ្រដល់ ផែនទីចង្អុលផ្លូវ ស្តីពីផែនការស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជាក្នុងនិងក្រោយវិបត្តិកូវីដ-១៩ ដែលរាជរដ្ឋាភិបាលបានដាក់ចេញកាលពីពេលថ្មីៗកន្លងមក។
ពិធីនេះបានបញ្ចប់នៅថ្ងៃខែឆ្នាំដដែល វេលាម៉ោង ១៧:០០នាទីល្ងាច ក្នុងបរិយាកាសរីករាយ យោគយល់គ្នា។
————
ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកតាមរយៈ info.gpsfccc@gmail.com.






















ចូលជាសមាជិក
