ចូលជាសមាជិក        |        ខ្មែរ    EN

ព័ត៌មាន

ទំព័រដើម ព័ត៌មាន ព័ត៍មានលំអិត

(កំពត)៖សិក្ខាសាលាស្តីអំពី «ការយល់ដឹងពីការធ្វើអាជីវកម្មរបស់ពាណិជ្ជករកម្ពុជា ដើម្បីកាត់បន្ថយបញ្ហាប្រឈមផ្នែកផ្លូវច្បាប់»

(កំពត)៖ថ្ងៃពុធ ៤ កើត ខែពិសាខ ឆ្នាំខាលចត្វាស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២២ នៅសាលប្រជុំសាលាខេត្តកំពត មានរៀបចំសិក្ខាសាលាស្តីអំពី «ការយល់ដឹងពីការធ្វើអាជីវកម្មរបស់ពាណិជ្ជករកម្ពុជា ដើម្បីកាត់បន្ថយបញ្ហាប្រឈមផ្នែកផ្លូវច្បាប់» ក្រោមអធិបតីភាព លោក ង៉ែត ចេក អគ្គនាយករងនៃអគ្គនាយកដ្ឋានកិច្ចការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ(ក.ប.ប) នៃក្រសួងពាណិជ្ជកម្ម ឯកឧត្តម ឈួ សុធា អភិបាលរងខេត្តកំពត ឯឧត្តម វ៉ៅ សុខា អភិបាលរងខេត្តកែប ឧកញ៉ា ហាក់ សុវណ្ណា អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានសភាពាណិជ្ជកម្មមណ្ឌលខេត្តកំពត-កែប ឯកឧត្តម សួន សុផល ប្រធាននាយកដ្ឋានទំនាក់ ទំនងសាធារណៈ និងជំរុញគម្រោងវិនិយោគឯកជនក៏មានវត្តមាននាឱកាសនេះផងដែរ និងបិទអង្គសិក្ខាសាលាដោយលោក ង៉ែត ចេក អគ្គនាយករងនៃអគ្គនាយកដ្ឋានកិច្ចការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ(ក.ប.ប) នៃក្រសួងពាណិជ្ជកម្ម ដែលអង្គសិក្ខាសាលនេះសហការរៀបចំដោយសភាពាណិជ្ជកម្មកម្ពុជា ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) និងក្រសួងពាណិជ្ជកម្ម គាំទ្រដោយរដ្ឋបាលខេត្ត និងសភាពាណិជ្ជកម្មសភាពាណិជ្ជកម្មមណ្ឌលខេត្តកំពត-កែប និងទទួលបានការឧបត្ថម្ភពី ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត FWD Cambodia ,ធនាគារ វីង (ខេមបូឌា) ម.ក. ,ធនាគារ ព្រីនស៍ ម.ក,សហគ្រិនខ្មែរ,ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ ម.ក ,កំពង់ផែស្វយ័តភ្នំពេញ និងធនាគារកាណាឌីយ៉ា។

មន្ត្រីជំនាញដែលអញ្ជើញមកពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) និងអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ នៃក្រសួងពាណិជ្ជកម្ម បានផ្តល់ចំណេះដឹងលម្អិតអំពីបទប្បញ្ញត្តិពាក់ព័ន្ធនឹង ច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា ច្បាប់ ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ ច្បាប់ ស្តីពីការប្រកួតប្រជែង និងច្បាប់ ស្តីពីការគ្រប់គ្រងគុណភាព សុវត្ថិភាពលើផលិតផលទំនិញ និងសេវា។ គោលបំណងនៃសិក្ខាសាលានេះ គឺដើម្បីផ្សព្វផ្សាយច្បាប់ និងបទដ្ឋានគតិយុត្ត ពាក់ព័ន្ធនឹងវិស័យពាណិជ្ជកម្ម ដើម្បីកាត់បន្ថយបញ្ហាប្រឈមផ្នែកផ្លូវច្បាប់ ដល់ធុរកិច្ចជនដែលកំពុងប្រកបអាជីវកម្មដើម្បីស្វែងយល់អំពីច្បាប់ និងបទដ្ឋានគតិយុត្ត នៅក្នុងព្រះរាជាណាចក្រកម្ពុជា។ នៅក្នុងឱកាសនោះផងដែរក៏មានការអញ្ជើញចូលរួមពីប្រធាន អនុប្រធានមន្ទីរ និងមន្ត្រីដែលអញ្ជើញមកពីមន្ទីពាក់ព័ន្ធ អាជីវករ ពាណិជ្ជករ សិស្សនិស្សិតប្រមាណ១៥៥នាក់ ដែលធ្វើឱ្យកម្មវិធីសិក្ខាសាលាប្រព្រឹត្តទៅប្រកបដោយបរិយាកាសសប្បាយរីករាយ ។

 

 

ចែករំលែក: