ថ្ងៃពុធ ១៣រោច ខែមាឃ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១០ ខែកុម្ភះ ឆ្នាំ២០២១ វេលាម៉ោង ០២:៣០ នាទីរសៀល នាសភាពាណិជ្ជកម្មកម្ពុជា មានរៀបចំកិច្ចប្រជុំក្រុមការងារ ឈ “ផ្នែកស្រូវ-អង្ករ” ផ្នែកឯកជន នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ក្រោមអធិបតីភាព ឯកឧត្តម សុខ ពុធ្ធិវុធ សហប្រធានក្រុមការងារ ឈ “ផ្នែកស្រូវ-អង្ករ” ផ្នែកឯកជន។ កិច្ចប្រជុំនេះក៏មានការចូលរួមផងដែរពីសំណាក់ ឧកញ៉ា គឹម សាវុធ អនុសហប្រធានក្រុមការងារ ឈ ផ្នែកឯកជន ឧកញ៉ា ហ៊ុន ឡាក់ អនុសហប្រធានក្រុមការងារ ឈ ផ្នែកឯកជន និងវត្តមានឯកឧត្តម ឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា និងវត្តមានសមាជិក សមាជិកាសភាពាណិជ្ជកម្មកម្ពុជា តំណាងសហព័ន្ធស្រូវអង្ករកម្ពុជា និងសមាជិក សមាជិកាក្រុមការងារជាច្រើនរូបទៀតផងដែរ។
គោលបំណងនៃកិច្ចប្រជុំនេះគឺដើម្បីពិគ្រោះពិភាក្សាបន្តលើបញ្ហាដែលនៅសល់ ក៏ដូចជាប្រមូលបញ្ហាប្រឈមថ្មីៗទាក់ទងនឹងផ្នែកស្រូវ អង្ករ ដើម្បីដាក់ស្នើសុំដំណោះស្រាយពីសំណាក់សហប្រធានផ្នែករដ្ឋាភិបាលដែលជាដៃគូនាពេលខាងមុខ។
ជាលទ្ធផល កិច្ចប្រជុំបានពិគ្រោះពិភាក្សាទៅលើបញ្ហាប្រឈមរបស់ផ្នែកឯកជនពាក់ព័ន្ធនឹងក្រុមការងារជាច្រើន និងឯកភាពគ្នាក្នុងការដាក់បញ្ចូលទៅក្នុងការស្នើសុំដំណោះស្រាយពីសំណាក់ដៃគូរដ្ឋាភិបាល។
កិច្ចប្រជុំនេះបានបញ្ចប់នៅថ្ងៃខែឆ្នាំដដែល វេលាម៉ោង ៥:០០ នាទីល្ងាចក្នុងបរិយាកាសរីករាយ យោគយល់គ្នា និងទទួលបានលទ្ធផលជាផ្លែផ្កា។
ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកក្រុមការងារសភាពាណិជ្ជកម្មកម្ពុជា 099 984 989 / info.gpsfccc@gmail.com