BECOME A MEMBER        |        ខ្មែរ    EN

News

Home News Detail

The Official Inauguration Ceremony of the New Headquarters Building of the General Department of Taxation of the Ministry of Economy and Finance

(រាជធានីភ្នំពេញ) នាព្រឹកថ្ងៃព្រហស្បតិ៍ ៥កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា ព្រមទាំង អនុប្រធាន ថ្នាក់ដឹកនាំ សមាជិក សមាជិកា សភាពាណិជ្ជកម្មកម្ពុជាំ បានអញ្ជើញចូលរួម ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារទីស្នាក់ការកណ្តាលថ្មីរបស់អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងមានការអញ្ជើញចូលរួមយ៉ាងច្រើនកុះករពីសំណាក់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ថ្នាក់ដឹកនាំក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មន្ត្រីរាជការអគ្គនាយកដ្ឋានពន្ធដារ ព្រមទាំងភ្ញៀវជាតិ និងអន្តរជាតិជាច្រើនរូបទៀត។

អគារថ្មីទីស្នាក់ការកណ្តាលនៃអគ្គនាយកដ្ឋានពន្ធដារ ត្រូវបានរៀបចំដោយមានការគិតគូរបានយ៉ាងល្អិតល្អន់ ដោយមានបំពាក់នូវឧបករណ៍បច្ចេកវិទ្យាទំនើប ដើម្បីបម្រើដល់ការគ្រប់គ្រង ការប្រើប្រាស់ ការថែទាំ និងការធានាសន្តិសុខ និងសុវត្ថិភាពរបស់អគារ គួបផ្សំជាមួយរចនាបថ និងស្នាដៃវប្បធម៌ខ្មែរយ៉ាងប្រណីត។ ជាពិសេសជាងនេះ អគារនេះត្រូវបានរៀបចំដោយមានមុខងារគ្រប់ជ្រុងជ្រោយ ដែលអាចបម្រើដល់គ្រប់តម្រូវការរបស់អ្នកប្រើប្រាស់ ទាំងការបំពេញការងារ ការមកទទួលសេវាពន្ធដារ និងការទទួលបានសេវាគាំទ្រពាក់ព័ន្ធផ្សេងៗទៀត។

គម្រោងនេះ ត្រូវបានសាងសង់លើផ្ទៃដីសរុបចំនួន ២៥ ៧៥៥ម៉ែត្រការ៉េ និងនៅលើផ្ទៃក្រឡាសរុបចំនួន ១៥៩ ៦៣៤ម៉ែត្រការ៉េ ដោយមានអគារការិយាល័យ រដ្ឋបាលសរុបចំនួន ៣០ជាន់ និងអគារពាណិជ្ជកម្មចំនួន ៤ជាន់។

ការិយាល័យសម្រាប់មន្រ្តីរាជការពន្ធដារបម្រើការងារ មានសរុបចំនួន ១៩ជាន់។ ជាន់នីមួយៗមានលម្អផ្ទាំងថ្មធម្មជាតិចម្លាក់លៀននៃទេវកថា រឿងកូរសមុទ្រទឹកដោះ ចំនួន ១៥ផ្ទាំងផ្សេងៗគ្នា រៀបចំទៅតាមលំដាប់លំដោយនៃសាច់រឿងទាំងមូល, មានលំហការិយាល័យធ្វើការប្រកបដោយផាសុកភាព និងមានទីតាំងទទួលទានអាហាររួមគ្នាផងដែរ។

អគារនេះមានការិយាល័យសម្រាប់ជួលចំនួន ៥ជាន់ ចាប់ពីជាន់ទី១០ ដល់ជាន់ទី១៤ មានទីធ្លាធំទូលាយ អនុញ្ញាតឱ្យអ្នកជួលអាចរៀបចំ ឬរចនាការិយាល័យ ស្របទៅនឹងតម្រូវការអាជីវកម្មរបស់ខ្លួនបានដោយងាយស្រួល។

ចំណែកឯអគារពាណិជ្ជកម្ម ត្រូវបានរចនាឡើងសម្រាប់ប្រើប្រាស់ជាបណ្តុំសេវាកម្មតែមួយ ភ្ជាប់គ្នារវាងទីតាំងផ្តល់សេវាអ្នកជាប់ពន្ធទៅនឹងផ្សារទំនើប។ លំហកណ្តាលនៃអគារនេះ លាតសន្ធឹងពីជាន់ផ្ទាល់ដី ដល់ជាន់ទី៤ ជាមួយនឹងទំហំផ្ទៃក្រឡាជួលសរុបចំនួន ១១ ៣៥៤ម៉ែត្រការ៉េ។

អគារទីស្នាក់ការនេះ មានចំណតយានយន្តដ៏ធំទូលាយ សរុបចំនួន ៥ជាន់ ជាមួយការប្រើប្រាស់ប្រព័ន្ធស្វ័យប្រវត្តិកម្មចំណតយានយន្ត។ ប្រព័ន្ធនេះ ជួយដល់អ្នកបើកបរក្នុងការស្វែងរកចំណត ប្រកបដោយភាពងាយស្រួល រហ័សទាន់ចិត្ត និងកាត់បន្ថយពេលវេលា។ នៅពេលយានយន្តឈានចូលដល់ច្រកចូលចំណត នឹងមានផ្ទាំងទិន្នន័យផ្តល់ព័ត៌មានលម្អិត អំពីចំនួនចំណតទំនេរក្នុងអគារ និងទៅតាមជាន់ រួមជាមួយនឹងពន្លឺសញ្ញាភ្ជាប់ពិដាន ពណ៌ក្រហម ឬ ពណ៌បៃតង ជាសញ្ញាសម្គាល់បង្ហាញពីចំណតដែលនៅទំនេរ។

ការចាប់កំណើតនៃអគារ ទីស្នាក់ការកណ្តាលថ្មី របស់អគ្គនាយកដ្ឋានពន្ធដារនេះ គឺជាការបើកទំព័រនៃសករាជថ្មីមួយក្នុងវិស័យពន្ធដាររបស់កម្ពុជា នឹងក្លាយជាកត្តាជំរុញកំណើនសេដ្ឋកិច្ចជាតិដ៏យូរអង្វែង ហើយនេះ ជាសក្ខីកម្មមិនអាចប្រកែកបានត្រង់ថា សមិទ្ធផលនេះ នឹងចូលរួមក្នុងដំណើរកសាងអនាគតដ៏ភ្លឺស្វាងរបស់កម្ពុជា តាមរយៈការផ្តល់សេវាសាធារណៈក្នុងយុគសម័យបច្ចេកវិទ្យា។

អគារថ្មីនេះ មិនត្រឹមតែជាសមិទ្ធផលថ្មីមួយសម្រាប់កម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជានិមិត្តរូបតំណាងឱ្យភាពរីកលូតលាស់ រឹងមាំ ស្ថិរភាព លេចធ្លោប្រកបដោយទំនុកចិត្តខ្ពស់ និងជាអនាគតដ៏ត្រចះត្រចង់ ជាសញ្ញាណនៃការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការផ្តល់សេវាសាធារណៈ ជាទីកន្លែងដែលប្រជាពលរដ្ឋ អ្នកជាប់ពន្ធ និងមន្ត្រីរាជការពន្ធដារទាំងអស់ អាចទទួលបាននូវបទពិសោធន៍ថ្មីៗ ប្រកបដោយភាពច្នៃប្រឌិត ទំនើប ទាន់សម័យ ប្រសិទ្ធភាព ផាសុកភាព ប្រណិតភាព គុណភាព នៃការផ្តល់ និងទទួលសេវាពន្ធដារ ក្រោមដំបូលតែមួយ ក្នុងគោលដៅបន្តដំណើរអភិវឌ្ឍប្រទេសជាតិជាមួយគ្នា។

Share: