នាព្រឹកថ្ងៃព្រហស្បតិ៍ ៣កើត ខែកក្តិក ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២២ លោកប្រធាននាយកដ្ឋានអភិវឌ្ឍន និងសហប្រតិបត្តិការ នៃសភាពាណជ្ជកម្មកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឧកញ៉ា ងួន ម៉េង តិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា ក្រោមអធិបតីភាព ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នឹង ឯកឧត្តម Wang Wentain ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំនៅកម្ពុជា ក្នុងពិធីសម្ពោធការនាំចេញផ្លែមៀនស្រស់កម្ពុជា ជាផ្លូវការ ទៅកានទីផ្សារប្រទេសចិន។
ក្នុងពិធីសម្ភោធនេះបានឆ្លុះបញ្ចាំងពីភាពរឹងមាំ និងផ្លែផ្កានៃចំណង មិត្តភាពរវាងប្រទេសទាំងពីរ ហើយ ឆ្នាំ២០២២នេះ គឺជាឆ្នាំទី១២ ហើយ ដែលទំនាក់ទំនងការទូតរវាង កម្ពុជា-ចិន ត្រូវបានឈានឡើងដល់កម្រិត កិច្ចសហប្រតិបត្តិការភាពជា ដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ ។
សម្រាប់ការនាំចេញផ្លែមៀនស្រស់កម្ពុជា ជាផ្លូវការទៅកាន់ទីផ្សារប្រទេសចិននេះ គឺជាជោគជ័យថ្មីមួយទៀត ដែលប្រសូត្រចេញពីកិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ ដែលរួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍវិស័យ កសិកម្ម តាមរយៈការជួយបង្កើនផលិតកម្ម ការទាក់ទាញវិនិយោគទុនចិនក្នុងវិស័យផលិតកម្មកសិកម្ម ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធវេចខ្ចប់ និងកែច្នៃបម្រើឲ្យការនាំចេញ និងដល់ការបង្កើតការងារ និងបង្កើន ប្រាក់ចំណូលរបស់កសិករ ដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមនៅកម្ពុជា។
នៅក្នុងអង្គពិធីនេះដែរ ដើម្បីទាញយកអត្ថប្រយោជន៍ឲ្យបានជាអតិបរមាពីកិច្ចព្រមព្រៀងពាណិជ្ជកម្មដែល មាន និងពង្រីកទីផ្សារប្រទេសចិនសម្រាប់កសិកផលផ្សេងទៀតរបស់កម្ពុជា ដូចជា ម្រេច ដូងក្រអូប ទុរេន ផលិតផលសម្បុកត្រចៀកកាំ ផ្លែម្នាស់ ផ្លែខ្នុរ គ្រាប់ឈូក និងផលិតផលផ្សេងៗទៀត ឯកឧត្តមរដ្ឋមន្ត្រីបាន ផ្តល់អនុសាសមួយចំនួនដូចខាងក្រោម៖
ក. ចំពោះអគ្គនាយកដ្ឋានកសិកម្ម
១. ត្រូវពង្រឹងការចុះត្រួតពិនិត្យអនុលោមភាពអនាម័យ និងភូត្តគាមអនាម័យ ដើម្បីបង្ការ និងទប់ស្កាត់ការ
រាលដាលឆ្លងនៃសមាសភាពចង្រៃ ទាំងសម្រាប់ការនាំចូល និងការនាំចេញមុខទំនិញកសិកម្ម
២. ពង្រឹងភាពជាដៃគូរវាងវិស័យសាធារណៈ និងឯកជន ក្នុងក្របខណ្ឌនៃការការពាររុក្ខជាតិ និងភូត្តគាមអនាម័យ
៣. ត្រូវចូលរួមសហការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ ដើម្បីសិក្សាលើមុខទំនិញកសិកម្មដែលបានបើក ទីផ្សារ និងមានសក្តានុពលរបស់កម្ពុជា ក្រោមក្របខ័ណ្ឌកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី កម្ពុជា-ចិន និងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) ដើម្បីជំរុញការចរចាបើកទីផ្សារបន្ថែម និង
៤. ពង្រឹងការបណ្តុះបណ្តាលធនធានមនុស្ស និងសមត្ថភាពជំនាញឱ្យបានកាន់តែទូលំទូលាយ ស៊ីជម្រៅ និងរឹងមាំថែមទៀត ដើម្បីជំរុញការចរចា និងអនុវត្តវិធានការអនាម័យ និងភូត្តគាមអនាម័យ សំដៅសម្រួល ពាណិជ្ជកម្ម និងការនាំចេញរបស់កម្ពុជា។
ខ.ចំពោះក្រុមហ៊ុនវិនិយោគ
១. ត្រូវអនុវត្តឱ្យបានម៉ត់ចត់ ប្រកបដោយការទទួលខុសត្រូវខ្ពស់ នូវស្តង់ដារអនាម័យ និងភូត្តគាមអនាម័យ
ប្រទេសចិន ដើម្បីធានាបានទាំងគុណភាព និងសុវត្ថិភាពនៃកសិផលនាំចេញ សំដៅថែរក្សាទីផ្សារ និង ពង្រឹងទំនុកចិត្ត និងការពេញចិត្តរបស់អ្នកប្រើប្រាស់លើកសិផលកម្ពុជា និង
២. ត្រូវពង្រឹងការសិក្សាស្វែងយល់ឱ្យច្បាស់លាស់ អំពីតម្រូវការ និងការឆ្លើយតបពីអ្នកប្រើប្រាស់ ចំពោះកសិផលកម្ពុជា ដើម្បីជំរុញបង្កើនការផ្គត់ផ្គង់ ឬធ្វើពិពិធកម្មមុខទំនិញក ដែលត្រូវនាំចេញ ឱ្យស្របតាមតម្រូវការជាក់ស្តែងនៃទីផ្សារប្រទេសចិន។
អង្គពិធីនេះបានបញ្ចប់នៅថ្ងៃខែឆ្នាំដដែល វេលាម៉ោង ០៩:៣០ នាទីព្រឹក ក្នុងបរិយាកាសរីករាយ យោគយល់គ្នា។
————
ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកតាមរយៈ info.gpsfccc@gmail.com.