(រាជធានីភ្នំពេញ)៖ នៅព្រឹកថ្ងៃសៅរ៍ ទី២១ ខែវិច្ឆិកា ឆ្នាំ២០២៦ វេលាម៉ោង ០៧:០០នាទី នៅមជ្ឈមណ្ឌលសាលសន្និបាត និងពិព័រណ៍កោះពេជ្រ អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា តំណាង អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានគណៈកម្មការសម្របសម្រួលក្រុមការងារផ្នែកឯកជនសម្រាប់យន្តការវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន (គ.ស.ឯ.រ.ជ) បានដឹកនាំសមាជិកសមាជិកាថ្នាក់ដឹកនាំសភាពាណិេជកម្មកម្ពុជា អញ្ជើញចូលរួមជាកិត្តិយសក្នុងពិធីបើក “ពិព័រណ៍ផលិតផលខ្មែរ លើកទី៤” ក្រោមប្រធានបទ “រួមគ្នាផលិត រួមគ្នាប្រើផលិតផលជាតិ” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ កិច្ចប្រជុំនេះ ក៏មានការចូលរួមពី ថ្នាក់ដឹកនាំជាន់ពី រដ្ឋសភា ក្រសួង-ស្ថាប័ន និងអភិបាលនៃគណៈអភិបាលខេត្តនានា នៃរាជរដ្ឋាភិបាលកម្ពុជា ផងដែរ។
ពិធីនេះត្រូវបានរៀបចំឡើងដោយ សមាគមមូលនិធិ សម្តេចតេជោ ដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា និងសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា (FASMEC) និង មានការចូលរួម ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ និងប្រធាន/តាំណាងសមាគម ក្រុមហ៊ុន វិស័យឯកជនយ៉ាងច្រើនកុះករ។
ពិព័រណ៍ផលិតផលខ្មែរ លើកទី៤ នេះ ប្រារព្ធឡើងក្រោមប្រធានបទ “រួមគ្នាផលិត រួមគ្នាប្រើផលិតផលជាតិ” ក្នុងគោលបំណងលើកកម្ពស់ ផ្សព្វផ្សាយ និងគាំទ្រផលិតផលក្នុងស្រុក ព្រមទាំងជំរុញការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជាឱ្យកាន់តែរីកចម្រើន។ ក្នុងឱកាសនោះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក៏បានអញ្ជើញទស្សនាស្តង់ផលិតផលខ្មែរ និងមានពិធីបំពាក់គ្រឿងឥស្សរិយយសផងដែរ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានណែនាំដល់អ្នកផលិតថា “ត្រូវប្រឹងប្រែងទាក់ទាញអ្នកប្រើប្រាស់ឱ្យបានល្អ ទាំងគុណភាព តម្លៃ ខណៈទ្វាកំពុងតែបិទ “។ សម្តេចធិបតីក៏បានក្រើនរំលឹកដល់អ្នកប្រើប្រាស់ថា សូមគាំទ្រផលិតផលខ្មែររហូត កុំគាំទ្រតែពេលមានបញ្ហានឹងគ្នា”។ សម្តេចបវរធិបតី ក៏បានបញ្ជាក់ថា “គោលដៅរបស់កម្ពុជាគឺកាត់បន្ថយការនាំចូលឱ្យបានកាន់តែច្រើន ”។
សូមជម្រាបថា កម្មវិធីក្នុងថ្ងៃនេះ មានអ្នកចូលរួម ដាក់តាំងបង្ហាញប្រមាណជាង ៣០០ស្ដង់ និងផលិតផលប្រមាណជាង១០០០មុខ មកពីបណ្តាសហគ្រាសធុនតូច និងមធ្យម និងសិប្បកម្មនៅកម្ពុជាទូទាំង ២៥ រាជធានី-ខេត្ត និងទទួលបានការចូលរួមសហការគាំទ្រដោយបណ្តាក្រុមហ៊ុន សហគ្រាស គ្រឹះស្ថានហិរញ្ញវត្ថុ និងស្ថាប័ននានា ដែលបានបរិច្ចាគចូលរួមទាំងថវិកា និងកម្លាំងកាយចិត្ត ដើម្បីអបអរសាទរព្រឹត្តិការណ៍នេះឱ្យកាន់តែអធិកអធម៕








BECOME A MEMBER
