នាព្រឹកថ្ងៃពុធ ៨កើត ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២២ វេលាម៉ោង ១១ ព្រឹក នៅសភាពាណិជ្ជកម្មកម្ពុជា អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឆេគូ អ៊ូស៊ូម៉ាន តំណាងអង្គការអន្តរជាតិហ្វ្រង់កូហ្វូនីប្រចាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក ។ កិច្ចពិភាក្សាផ្តោតជាសំខាន់លើកិច្ចសហប្រតិបត្តិការរវាងស្ថាប័នទាំងពីរ ក្នុងការជំរុញធុរកិច្ចនិងវិនិយោគរវាងប្រទេសហ្វ្រង់កូហ្វូនី និងកម្ពុជា ជាពិសេសការរៀបចំកម្មវិធីបេសកកម្មសេដ្ឋកិច្ច និងពាណិជ្ជកម្មហ្វ្រង់កូហ្វូនីលើកដំបូងនៅអាស៊ី-ប៉ាស៊ីហ្វិក ដែលនឹងប្រព្រឹត្តទៅនៅរាជធានីភ្នំពេញ នៅចុងខែមីនា ឆ្នាំ២០២២ ខាងមុខ។
អ្នកឧកញ៉ាប្រធាន បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះ គណៈប្រតិភូអង្គការអន្តរជាតិហ្វ្រង់កូហ្វូនីដែលដឹកនាំដោយ ឯកឧត្តម ឆេគូ អ៊ូស៊ូម៉ាន និងបានសាទរចំពោះកិច្ចសហប្រតិបត្តិការល្អរបស់ស្ថាប័នទាំងពីរ និងបានលើកឡើងអំពីកំណើនសេដ្ឋកិច្ចកម្ពុជា និងវិស័យសក្តានុពលរបស់កម្ពុជា ដែលជាកាលានុវត្តភាពសម្រាប់ធុរជនហ្វ្រង់កូហ្វូនី។ បន្ថែមពីលើនេះទៀត កម្ពុជាមានកិច្ចព្រមព្រៀងសេរីទ្វាភាគីជាមួយចិន និង កូរ៉េ ដែលជាការបើកទីផ្សារកាន់តែទូលាយសម្រាប់
ផលិតផលកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ។ សភាពាណិជ្ជកម្មគាំទ្រ និងសហការក្នុងការរៀបចំឲ្យបានជោគជ័យនូវបេសកកម្មសេដ្ឋកិច្ចនិងពាណិជ្ជកម្មហ្រ្វង់កូហ្វូនី មកកាន់ព្រះរាជាណាចក្រកម្ពុជា។ អ្នកឧកញ៉ាប្រធាន មានប្រសាសន៍ថា ការបំពេញទស្សនកិច្ចរបស់គណៈប្រតិភូហ្វ្រង់កូហ្វូនី ក្នុងឆ្នាំនេះ ស្របពេលដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលអាស៊ាន។
ឯកឧត្តម ឆេគូ អ៊ូស៊ូម៉ាន ថ្លែងអំណរគុណចំពោះ អ្នកឧកញ៉ា គិត ម៉េង ដែលទទួលជួបពិភាក្សាការងារជាមួយឯកឧត្តម និងសហការី ក្នុងឱកាសដែលឯកឧត្តមបំពេញទស្សនកិច្ចនៅកម្ពុជា។ ឯកឧត្តម មានប្រសាសន៍ថា អង្គការអន្តរជាតិហ្វ្រង់កូហ្វូនី គ្រោងនឹងរៀបចំកម្មវិធីបេសកកម្មសេដ្ឋកិច្ចនិងពាណិជ្ជកម្មលើកទី១ នៅចុងខែមីនា ឆ្នាំ២០២២ នេះ ក្នុងគោលបំណងបង្កើតទំនាក់ទំនងសេដ្ឋកិច្ចរវាងបណ្តារដ្ឋប្រើប្រាស់ភាសាបារាំង នៅទ្វីបអាស៊ី អាហ្វ្រិក អឺរ៉ុប និងអាមេរិកខាងជើង។ ក្រុមហ៊ុនចំនួន ៧៨ ក្រុមហ៊ុនមកពីគ្រប់ទ្វីបទាំងអស់នឹងធ្វើដំណើរមកកម្ពុជាចូលរួមក្នុងបេសកកម្មនេះ ដើម្បីស្វែងរកកាលានុវត្តភាពធុរកិច្ចក្នុងវិស័យ កសិ-ឧស្សាហកម្ម ឌីជីថល និងថាមពលកកើតឡើងវិញ។














BECOME A MEMBER
