ឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា តំណាង អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា ដឹកនាំគណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា ជួបពិភាក្សាការងារជាមួយ លោក Omer Zeydan សមាជិកក្រុមប្រឹក្សាភិបាលសហព័ន្ធសភាពាណិជ្ជកម្មតួកគី(TOBB) ដែលប្រព្រឹត្តទៅនារសៀល ថ្ងៃ៩រោច ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃ២៥ ខែកុម្ភៈ ឆ្នាំ២០២២ នៅទីស្នាក់ការកណ្តាលសហព័ន្ធសភាពាណិជ្ជកម្មតួកគី (TOBB) នៅទីក្រុងអាំងការ៉ា សាធារណរដ្ឋតួកគី។ កិច្ចពិភាក្សាផ្តោតជាសំខាន់លើកិច្ចសហប្រតិបត្តិការរវាងសភាពាណិជ្ជកម្មទាំងពីរ និងការជំរុញធុរកិច្ច វិនិយោគរវាងកម្ពុជា និងតួកគី។
លោក Omer Zeydan មានប្រសាសន៍ស្វាគមន៍យ៉ាងកក់ក្តៅចំពោះគណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជាដែលមកបំពេញទស្សនកិច្ចនៅប្រទេសតួកគី និងបានជម្រាបជូនអំពីសកម្មភាពសំខាន់ៗរបស់សហព័ន្ធសភាពាណិជ្ជកម្មតួកគី (TOBB) ដែលមានក្រុមហ៊ុនសហគ្រាសជាសមាជិកចំនួន ១លាន ៨ សែន និងមានសមាជិកជាប្រភេទសភាពាណិជ្ជកម្មនិងសមាគមចំនួន ៣៦៥។ តួនាទីចម្បងរបស់ សហព័ន្ធសភាពាណិជ្ជកម្មតួកគី (TOBB) គឺការចូលរួមកសាងគោលនយោបាយសេដ្ឋកិច្ច និងការដោះស្រាយបញ្ហាពាក់ព័ន្ធធុរកិច្ចនិងការជំរុញធុរកិច្ច។ លោកបានគូសបញ្ជាក់ថា ភាគីតួកគីត្រៀមខ្លួនជាស្រេចក្នុងការសហការជាមួយភាគីកម្ពុជាក្នុងជំរុញធុរកិច្ចវិនិយោគរវាងប្រទេសទាំងពីរ ស្របតាមទិសដៅរបស់រាជរដ្ឋាភិបាលក្នុងការបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីឲ្យបានច្រើនជាង ៥០០ លានដុល្លារក្នុងមួយឆ្នាំ។
ឧកញ៉ា លឹម ហេង មានប្រសាសន៍ ថ្លែងអំណរគុណចំពោះការទទួលស្វាគមន៍យ៉ាងកក់ក្តៅ របស់សហព័ន្ធសភាពាណិជ្ជកម្មតួកគី និងថ្លែងអំណរគុណចំពោះក្រសួងការបរទេសនៃប្រទេសទាំងពីរដែលបានរៀបចំឲ្យមានកិច្ចប្រជុំដ៏មានសារៈសំខាន់នេះ។ ឧកញ៉ា បានលើកឡើងថា ការបំពេញទស្សនកិច្ចធុរកិច្ចនាពេលនេះ គឺស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការជំរុញធុរកិច្ចនិងវិនិយោគរវាងប្រទេសទាំងពីរ។ ឧកញ៉ា បានជម្រាបជូនអំពីសក្តានុពលសេដ្ឋកិច្ចកម្ពុជា និងវិស័យសំខាន់ៗដែលធុរជនប្រទេសទាំងពីរអាចសហការគ្នាបាន។ កម្ពុជា មានទីផ្សារទូលំទូលាយ ដោយកម្ពុជាបានចុះកិច្ចព្រមព្រៀងសេរីទ្វេភាគីជាមួយ ចិន និងកូរ៉េ កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ និង ការនាំផលិតផលកម្ពុជាទៅកាន់សហគមន៍អឺរ៉ុបដោយមិនជាប់ពន្ធ។ ក្រៅពីនេះ កម្ពុជាក៏កំពុងចរចារកិច្ចព្រមព្រៀងសេរីជាមួយរុស្ស៊ី និងសហគមន៍សេដ្ឋកិច្ចអាស៊ីអឺរ៉ុបផងដែរ។ កម្ពុជាមានទីតាំងភូមិសាស្ត្រស្ថិតនៅចំនុចកណ្តាលនៃតំបន់អាស៊ាន ដែលមានប្រជាជនសរុបច្រើនជាង ៦០០ លាននាក់។ វិនិយោគិនតួកគីអាចបង្កើតរោងចក្រនៅកម្ពុជា និងនាំចេញទៅទីផ្សារអាស៊ាន និងពិភពលោក។ ឧកញ៉ា មានប្រសាសន៍អញ្ជើញ ក្រុមហ៊ុនសមាជិក សហព័ន្ធសភាពាណិជ្ជកម្មតួកគី (TOBB) មកបំពេញទស្សនកិច្ចនៅកម្ពុជា និងស្វែងរកដៃគូធុរកិច្ច។

















BECOME A MEMBER
