ថ្ងៃព្រហស្បតិ៍ ១៥កើត ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២ វេលាម៉ោង ១០:០០នាទីព្រឹក មានរៀបចំកិច្ចប្រជុំក្រុមការងារ ឃ “នីតិកម្ម ពន្ធដារ និងអភិបាលកិច្ច” ផ្នែកឯកជន នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន តាមរយៈប្រព័ន្ធអនឡាញ ក្រោមអធិបតីភាព លោក អានូដ ដាក សហប្រធានក្រុមការងារ ឃ “នីតិកម្ម ពន្ធដារ និងអភិបាលកិច្ច” ផ្នែកឯកជន។ កិច្ចប្រជុំនេះក៏មានការចូលរួមផងដែរពីសំណាក់ ឯកឧត្តម ឧកញ៉ា ងួន ម៉េង តិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា ព្រមទាំងសមាជិក សមាជិកា សភាពាណិជ្ជកម្មកម្ពុជា អនុសហប្រធានក្រុមការងារ ឃ ផ្នែកឯកជន តំណាងសភាពាណិជ្ជកម្មអន្តរជាតិនៃកម្ពុជា តំណាងក្រុមហ៊ុនឯកជន និងសមាជិក សមាជិកាក្រុមការងារជាច្រើនទៀតផងដែរ។
គោលបំណងនៃកិច្ចប្រជុំនេះគឺដើម្បីចាប់ផ្តើមកិច្ចប្រជុំដំបូងនៃខែថ្មី នៃឆ្នាំ២០២២២ និងរាយការណ៍ជូនដល់អង្គប្រជុំទាំងមូលឲ្យបានជ្រាបអំពីសម្មិទ្ធិផលសម្រេចបាននាពេលកន្លងទៅ និងជាពិសេសដើម្បីពិគ្រោះ ពិភាក្សាទៅលើបញ្ហាប្រឈមរបស់ផ្នែកឯកជនដែលនៅសេសសល់ ដែលមិនទាន់ដោះស្រាយពាក់ព័ន្ធនឹងវិស័យ នីតិកម្ម ពន្ធដារ និងអភិបាលកិច្ច ជាពិសេសកំឡុងពេលដែលកម្ពុជាកំពុងប្រឈមនឹងការឆ្លងរាលដាលនៃជំងីកូវីដ-១៩ បំលែងថ្មីប្រភេទ អូមីក្រុង និងដើម្បីប្រមូលបញ្ហាប្រឈម កង្វល់ សំណូមពរថ្មីៗរបស់ផ្នែកឯកជនទាំងអស់ ដាក់ស្នើសុំដំណោះស្រាយពីសំណាក់ដៃគូគឺ ក្រសួងសេដ្ឋកិច្ច និងហរិញ្ញវត្ថុនាពេលខាងមុខ។
កិច្ចប្រជុំនេះនេះបានបញ្ចប់នៅថ្ងៃខែឆ្នាំដដែល វេលាម៉ោង ១២:០០នាទីថ្ងៃត្រង់ ក្នុងបរិយាកាសរីករាយ យោគយល់គ្នា និងទទួលបានលទ្ធផលជាផ្លែផ្កា។
————
ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកតាមរយៈ info.gpsfccc@gmail.com.










BECOME A MEMBER
