រាជធានីភ្នំពេញ៖ នារសៀលថ្ងៃសុក្រ ១៥រោច ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី០១ ខែមេសា ឆ្នាំ២០២២ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា បានទទួលជួបសម្តែងការគួរសមជាមួយ ឯកឧត្តម កាំង បាប្លូ (Pablo Kang) អគ្គរដ្ឋទូតអូស្ត្រាលីប្រចាំព្រះរាជាណាចក្រកម្ពុជា ព្រមទាំងមានការចូលរួមពី លោកជំទាវ រេប៊ិកកា បល(Rebecca Ball) ស្នងការពាណិជ្ជកម្មអូស្ត្រាលីប្រចាំព្រះរាជាណាចក្រកម្ពុជា និងប្រទេសវៀតណាម និងលេខាទូតផងដែរ។ ជំនួបពិភាក្សានេះ ផ្តោតជាសំខាន់លើការពង្រឹងទំនាក់ទំនងធុរកិច្ច វិនិយោគ និងសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ។
ក្នុងឱកាសនៃជំនួបពិភាក្សានេះ អ្នកឧកញ៉ាប្រធាន បានលើកឡើងអំពីទំនាក់ទំនងល្អរវាងប្រទេសទាំងពីរ និងចូលរួមអបអរសាទរខួបលើកទី៧០ឆ្នាំនៃទំនាក់ទំនងកាទូតកម្ពុជា-អូស្ត្រាលី។ អ្នកឧកញ៉ា គូសបញ្ជាក់ថា ឆ្នាំ២០២២នេះ កម្ពុជា គឺជាម្ចាស់ផ្ទះអាស៊ាន ដែលជាឆ្នាំដ៏ប្រសើរ ក្នុងការជំរុញទំនាក់ទំនងអូស្រ្តាលីអាស៊ានផងដែរ។ ក្នុងនាមជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន អ្នកឧកញ៉ាប្រធាន អញ្ជើញក្រុមហ៊ុនអូស្ត្រាលី ចូលរួមគាំទ្រដល់ កិច្ចប្រជុំកំពូលធុរកិច្ចនិងវិនិយោគអាស៊ាន ដែលនឹងរៀបចំឡើងដោយសភាពាណិជ្ជកម្មកម្ពុជា ក្នុងអំឡុងពេលនៃកិច្ចប្រជុំកំពូលអាស៊ាន ឆ្នាំ២០២២នេះ។ កិច្ចប្រជុំកំពូលធុរកិច្ចនិងវិនិយោគអាស៊ាន នឹងលើកយកប្រធានបទដ៏មានសារៈសំខាន់មកពិភាក្សា និងដាក់ជូនជារបាយការណ៍ទៅរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន ក៏ដូចជា ថ្នាក់ដឹកនាំអាស៊ាន។
កិច្ចពិភាក្សាបានបញ្ចប់ទៅប្រកបដោយលទ្ធផលជាផ្លែផ្កា ក្នុងបរិយាកាសស្និទ្ធស្នាលជាភាតរភាព។
សម្រាប់ព័ត៌មានបន្ថែម សូមអានខ្លឹមសារសេចក្តីប្រកាសព័ត៌មាន។


















BECOME A MEMBER
