រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃពុធ ៥កើត ខែចេត្រ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២២ នៅសភាពាណិជ្ជកម្មកម្ពុជា មានរៀបចំពិធីផ្ទេរតំណែងប្រធានបណ្តាញកម្មន្តសាលអាស៊ានពីម៉ាឡេស៊ី មកកម្ពុជា ដោយមានការចូលរួមពីសមាជិកសមាជិកាបណ្តាញកម្មន្តសាលអាស៊ាន នៃប្រទេសអាស៊ានទាំងដប់ និងតំណាងមកពីសភាពាណិជ្ជកម្ម សហព័ន្ធកម្មន្តសាល និងក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន ជាច្រើនរូប។ ឧកញ៉ា សុខ ពិសិដ្ឋ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា តំណាង អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា បានអញ្ជើញចូលរួមពិធីផ្ទេរតំណែង ប្រធានបណ្តាញកម្មន្តសាលអាស៊ាន តាន់ស្រ៊ី ដាតុ សោះ ធៀនឡៃ ប្រធានបណ្តាញកម្មន្តសាលអាស៊ានអណត្តិចាស់ មក អ្នកឧកញ៉ា គិត ម៉េង ប្រធានបណ្តាញកម្មន្តសាលអាស៊ាន អណត្តិថ្មីឆ្នាំ២០២២។
ក្នុងឱកាសនៃពិធីផ្ទេរតំណែងនេះ អង្គប្រជុំ បានពិភាក្សាលម្អិតអំពី សកម្មភាព វឌ្ឍនភាព និងគំនិតផ្តួចផ្តើមដែលបានរៀបចំឡើងកាលពី ឆ្នាំ ២០២១ ព្រមទាំង ផែនការសកម្មភាព ២០២២ និងធ្វើការប្រមូលធាតុចូលសម្រាប់ការរៀបចំ និងអនុវត្តកម្មវិធីបណ្តាញកម្មន្តសាលអាស៊ានឆ្នាំ ២០២២។
ទិសដៅអាទិភាព និងកម្មវិធីចម្បងៗសម្រាប់អណត្តិថ្មីរួមមាន៖
១) ការផ្តោតអាទិភាពលើវិស័យម្ហូបអាហារ និងវេជ្ជសាស្ត្រ
២) ការកាត់បន្ថយផលប៉ះពាល់នៃបទប្បញ្ញត្តិបច្ចេកទេសមកលើការធ្វើពាណិជ្ជកម្ម តាមរយៈការធ្វើសុខុដុមណីយកម្មបទដ្ឋានផលិតផលនៅទូទាំងអាស៊ាន និងការអនុវត្តកិច្ចព្រមព្រៀងទទួលស្គាល់រួម (Mutual Recognition Agreements)
៣) ការគាំទ្រការអភិវឌ្ឍន៍ប្រកបដោយចរីភាពនៅអាស៊ាន តាមរយៈការចូលរួមប្រកបដោយប្រសិទ្ធភាពរវាងរដ្ឋនិងឯកជន
៤) ការបង្កលក្ខណៈងាយស្រួលដល់លំហូរទិន្នន័យទូទាំងអាស៊ាន។
បណ្តាញកម្មន្តសាលអាស៊ាន ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០២០ ដោយមានគោលបំណងសំខាន់ៗដូចជា ការជម្រុញសហប្រតិបត្តិការ និងសម្របសម្រួលរវាងសមាគមកម្មន្តសាលនៅក្នុងអាស៊ាន ការធានាឲ្យបាននូវការផ្គត់ផ្គង់ទំនិញប្រកដោយចីរភាព និង ការជំរុញពាណិជ្ជកម្ម និងវិនិយោគនៅក្នុងតំបន់។











BECOME A MEMBER
