BECOME A MEMBER        |        ខ្មែរ    EN

News

Home News Detail

National Consultation Workshop on Policy and Direction of Cambodia’s Financial Technology (FinTech)

ថ្ងៃអង្គារ ១០រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២ វេលាម៉ោង ០៩:០០នាទីព្រឹក អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា បានដឹកនាំសមាជិកសមាជិកានៃសភាពាណិជ្ជកម្មកម្ពុជា ចូលរួមដោយផ្ទាល់ក្នុងសិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិ ស្តីពីគោលនយោបាយនិងទិសដៅនៃវិស័យបច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជា នៅសណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ (Hyatt Regency Phnom Penh) ក្រោមអធិបតីភាព ដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការសេដ្ឋកិច្ចនិងធុរកិច្ចឌីជីថល។ សិក្ខាសាលានេះក៏មានការចូលរួមពីសំណាក់សមាជិកសមាជិកា អនុប្រធាន នៃគណៈកម្មាធិការសេដ្ឋកិច្ចនិងធុរកិច្ចឌីជីថល និងមន្ត្រីពាក់ព័ន្ធនៃក្រសួង ស្ថាប័នរដ្ឋាភិបាល រួមមាន ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង នវានុវត្តន៍, ក្រសួងអប់រំ យុវជន នងកីឡា ក្រសួងពាណិជ្ជកម្ម ក្រសួងប្រៃសណីណ៍ និងទូរគមនាគមន៍ និង តំណាងក្រសួងមហាផ្ទៃ, ជាពិសេស អ្នកចូលរួម និងវាគ្មិនដែលមកពីក្រសួង ស្ថាប័នពាក់ព័ន្ធ ស្ថានទូត ដៃគូអភិវឌ្ឍន៍ គ្រឹះស្ថានហិរញ្ញវត្ថុធនាគារ និងមិនមែនធនាគារ សមាគម និងក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុ នឹងធ្វើការចែករំលែកចំណេះដឹងនិងបទពិសោធន៍ និងពិភាក្សាទៅលើបច្ចេកវិទ្យាថ្មីៗ និងបញ្ហាប្រឈមក្នុងការអភិវឌ្ឍវិស័យបច្ចេកវិទ្យាហិរញ្ញវត្ថុក្នុងប្រទេសកម្ពុជា។

គោលបំណងនៃសិក្ខាសាលានេះគឺដើម្បីត្រូវបានរៀបចំឡើងក្នុងគោលបំណង៖

១). ប្រមូលធាតុចូលពីដៃគូពាក់ព័ន្ធ សម្រាប់ការរៀបចំសេចក្តីព្រាងគោលនយោបាយអភិវឌ្ឍវិស័យបច្ចេកវិទ្យាហិរញ្ញវត្ថុ (FinTech) ក្នុងប្រទេសកម្ពុជា

២). លើកកម្ពស់ការយល់ដឹងអំពីការវិវត្តវិស័យបច្ចេកវិទ្យាហិរញ្ញវត្ថុនាពេលបច្ចុប្បន្ន និងបញ្ហាប្រឈម និង

៣). ចែករំលែកគំនិត និងទស្សនវិស័យរបស់អ្នកជំនាញ ដែលមានគោលដៅក្នុងការជំរុញការអភិវឌ្ឍវិស័យបច្ចេកិទ្យាហិរញ្ញវត្ថុនៅកម្ពុជា។

វិស័យបច្ចេកវិទ្យាហិរញ្ញវត្ថុនេះ ក៏នឹងផ្តល់អត្ថប្រយោជន៍ជាច្រើនផងដែរដូចជា៖

- ជំរុញនិងបង្កឲ្យមានទីផ្សារពាណិជ្ជកម្ម វិនិយោគជាមួយសកម្មភាពថ្មីក្នុងបដិវត្តន៍ឧស្សាហកម្ម ៤.០ នៅកម្ពុជា

- ធ្វើឲ្យមានការទំនាក់ទំនងក្នុងវិស័យបច្ចេកវិទ្យាហិរញ្ញវត្ថុ ឲ្យកាន់តែល្អប្រសើឡើង រវាងធុរជន ក្នុងស្រុក និងក្រៅស្រុក

- ជួយក្នុងសកម្មភាពពាណិជ្ជកម្ម វិនិយោគ ជាមួយនឹងពហុប្រតិបត្តិការក្នុងវិស័យបច្ចេកវិទ្យាហិរញ្ញវត្ថុ

- ជាគំរូពាណិជ្ជកម្មទំនើបថ្មី ដែលត្រូវបានគេស្គាល់ខុសពីសេដ្ឋកិច្ចធម្មតា ព្រមទាំងបង្ករឲ្យមានកិច្ចសហប្រតិបត្តិការ ក្នុងបរិការណ៍កម្ពុជា តំបន់ និងសកល សំដៅធានាស្ថិរភាព ការការពារវិនិយោគិននិងអតិថិជន/អ្នកប្រើប្រាស់ បរិយាបន្នកម្ម សុចរិតភាព ការប្រកួងប្រជែងស្មោះត្រង់និងនវានុវត្តន៍ ក្នុងវិស័យបច្ចេកវិទ្យាហិរញ្ញវត្ថុ

- ជាកម្លាំងស្នូលក្នុងការរុញច្រានកំណើនសេដ្ឋកិច្ច

- ពង្រីកសកម្មភាព របស់ សហគ្រាសធុនតូចនិងមធ្យម ក្នុងលក្ខខណ្ឌល្អប្រសើ សម្រាប់គោលដៅអភិវឌ្ឍរបស់ខ្លួនប្រកបដោយចិរភាព

សិក្ខាសាលានេះបានបញ្ចប់នៅថ្ងៃខែឆ្នាំដដែល វេលាម៉ោង ១៧:០០នាទីល្ងាច ក្នុងបរិយាកាសរីករាយ យោគយល់គ្នា។

————

ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកតាមរយៈ info.gpsfccc@gmail.com.

Share: