(បន្ទាយមានជ័យ)៖ថ្ងៃព្រហស្បតិ៍ ១២ រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២២ ឯកឧត្តមឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជាបានអញ្ជើញចូលរួមសិក្ខាសាលាស្តីអំពី «ការយល់ដឹងពីការធ្វើអាជីវកម្មរបស់ពាណិជ្ជករកម្ពុជា ដើម្បីកាត់បន្ថយបញ្ហាប្រឈមផ្នែកផ្លូវច្បាប់» ក្រោមអធិបតីភាព ឯកឧត្តម ម៉ៅ ថូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ឯកឧត្តម លី សារី អភិបាលរងខេត្តបន្ទាយមានជ័យ ឯកឧត្តម សួន សុផល ប្រធាននាយកដ្ឋានទំនាក់ ទំនងសាធារណៈ និងជំរុញគម្រោងវិនិយោគឯកជនក៏មានវត្តមាននាឱកាសនេះផងដែរ និងបិទអង្គសិក្ខាសាលាដោយលោក ស៊ិន ស៊ីដេត អគ្គនាយករងនៃអគ្គនាយកដ្ឋានកិច្ចការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ(ក.ប.ប) នៃក្រសួងពាណិជ្ជកម្ម នៅសាលប្រជុំធំសាលាខេត្តបន្ទាយមានជ័យ ដែលអង្គសិក្ខាសាលនេះសហការរៀបចំដោយសភាពាណិជ្ជកម្មកម្ពុជា ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) និងក្រសួងពាណិជ្ជកម្ម គាំទ្រដោយរដ្ឋបាលខេត្ត និងសភាពាណិជ្ជកម្មសភាពាណិជ្ជកម្មខេត្តបន្ទាយមានជ័យ និងទទួលបានការឧបត្ថម្ភពី ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត FWD Cambodia ,ធនាគារ វីង (ខេមបូឌា) ម.ក. ,ធនាគារ ព្រីនស៍ ម.ក,ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ ម.ក ,កំពង់ផែស្វយ័តភ្នំពេញ និងធនាគារកាណាឌីយ៉ា។
មន្ត្រីជំនាញដែលអញ្ជើញមកពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) និងអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ នៃក្រសួងពាណិជ្ជកម្ម បានផ្តល់ចំណេះដឹងលម្អិតអំពីបទប្បញ្ញត្តិពាក់ព័ន្ធនឹង ច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា ច្បាប់ ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ ច្បាប់ ស្តីពីការប្រកួតប្រជែង និងច្បាប់ ស្តីពីការគ្រប់គ្រងគុណភាព សុវត្ថិភាពលើផលិតផលទំនិញ និងសេវា។ គោលបំណងនៃសិក្ខាសាលានេះ គឺដើម្បីផ្សព្វផ្សាយច្បាប់ និងបទដ្ឋានគតិយុត្ត ពាក់ព័ន្ធនឹងវិស័យពាណិជ្ជកម្ម ដើម្បីកាត់បន្ថយបញ្ហាប្រឈមផ្នែកផ្លូវច្បាប់ ដល់ធុរកិច្ចជនដែលកំពុងប្រកបអាជីវកម្មដើម្បីស្វែងយល់អំពីច្បាប់ និងបទដ្ឋានគតិយុត្ត នៅក្នុងព្រះរាជាណាចក្រកម្ពុជា។ នៅក្នុងឱកាសនោះផងដែរក៏មានការអញ្ជើញចូលរួមពីអនុប្រធានមន្ទីរ និងមន្ត្រីដែលអញ្ជើញមកពីមន្ទីពាក់ព័ន្ធ អាជីវករ ពាណិជ្ជករ សិស្សនិស្សិតប្រមាណ២៣០នាក់ ដែលធ្វើឱ្យកម្មវិធីសិក្ខាសាលាប្រព្រឹត្តទៅប្រកបដោយបរិយាកាសសប្បាយរីករាយ ។
















BECOME A MEMBER
