សភាពាណិជ្ជកម្មខេត្តកំពង់ស្ពឺ រៀបចំសិក្ខាសាលាស្តីពី «ការលើកកម្ពស់ស្តង់ដារសហគ្រាសធុនតូច និងមធ្យម ដើម្បីត្រៀមទទួលបានការវិនិយោគក្នុងតំបន់ និងពិភពលោក»
ខេត្តកំពង់ស្ពឺ ៖ នៅរសៀលថ្ងៃទី ២៩ មីនា ២០២៥ សភាពាណិជ្ជកម្មខេត្តកំពង់ស្ពឺ បានរៀបចំសិក្ខាសាលាឥតគិតថ្លៃស្តីពី «ការលើកកម្ពស់ស្តង់ដារសហគ្រាសធុនតូច និងមធ្យម ដើម្បីត្រៀមទទួលបានការវិនិយោគក្នុងតំបន់ និងពិភពលោក» ក្រោមអធិបតីភាព ឯកឧត្តម ឡេង សុខគា ប្រធានសភាពាណិជ្ជកម្មខេត្តកំពង់ស្ពឺ លោក ញ៉ឹល សំបូរ ប្រធានមន្ទីរពាណិជ្ជកម្មខេត្តកំពង់ស្ពឺ និងមានការចូលរួមពីមា្ចស់អាជីវកម្ម SME និង ម្ចាស់អាជីវកម្មបែបគ្រួសារ ។
បើតាមសភាពាណិជ្ជកម្មខេត្តកំកំពង់ស្ពឺ សិក្ខាសាលានេះមានការចូលរួមចែករំលែកដោយវាគ្មិនកិត្តិយសរួមមាន ឧកញ៉ា ប៉ិច បូឡែន ដែលជាអគ្គនាយកក្រុមហ៊ុន វេសឡាញ អេឌ្យូខេសិន គ្រុប និងជាប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជា បានធ្វើបទបង្ហាញពាក់ព័ន្ធនឹងកត្តាដែលវិនិយោគិនក្នុងស្រុកនិងក្រៅស្រុក វាយតម្លៃទៅលើអាជីវកម្ម មុននឹងសម្រេចចិត្តក្នុងការវិនិយោគ។ លោក ស៊ី វណ្ណា ជាប្រធានជាន់ខ្ពស់ផ្នែកអភិវឌ្ឍន៍ធនធានមនុស្ស នៃ មជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន (CJCC) បានធ្វើបទបង្ហាញស្តីពី “ការត្រៀមខ្លួនរបស់សហគ្រាសធុនតូច និងមធ្យម សម្រាប់ការវិនិយោគ” ដែលបានបង្ហាញពីសសរស្តម្ភក្នុងការធ្វើអាជីវកម្មរួមមានការពង្រឹងធនធានមនុស្ស និងការធ្វើទីផ្សារជាដើម។ បន្ថែមពីនេះ លោកបណ្ឌិត ឡាយ គិរី ជានាយកប្រតិបត្តិ និងជាស្ថាបនិកក្រុមហ៊ុន រៀនអេអាយ បានធ្វើបទបង្ហាញស្តីពី ការគ្រប់គ្រងអាជីវកម្មតាមប្រព័ន្ធបច្ចេកវិទ្យា និងឌីជីថល ដែលដើរតួនាទីយ៉ាងសំខាន់ក្នុងការប្រកួតប្រជែងក្នុងអាជីវកម្មក្នុងសេដ្ឋកិច្ចបែបទំនើបមួយនេះ។
បន្ថែមពីការធ្វើបទបង្ហាញខាងលើ កម្មវិធីមានកិច្ចពិភាក្សាតុមូលក្រោមប្រធានបទ «ការលើកកម្ពស់ស្តង់ដារសហគ្រាសធុនតូច និងមធ្យម ដើម្បីត្រៀមទទួលបានការវិនិយោគក្នុងតំបន់ និងពិភពលោក» ដែលមានការចូលរួមដោយវាគ្មិនកិត្តិយសទាំងបីរូប និងអ្នកសម្របសម្រួល លាភ សុម៉ាលី ដែលជាអ្នកប្រឹក្សាយោបល់លើការអភិវឌ្ឍអាជីវកម្ម និងធនធានមនុស្សនៃ Aspiring Consultancy and Training។
គួរបញ្ជាក់ថា សភាពាណិជ្ជកម្មខេត្តកំពង់ស្ពឺ បានរៀបចំកម្មវិធីនេះឡើងក្នុងគោលបំណងបញ្រ្ជាបម្ចាស់អាជីវកម្មសហគ្រាសធុនតូច និងមធ្យម និងម្ចាស់អាជីវកម្មបែបគ្រួសារ នូវជំនាញចាំបាច់ ដើម្បីអាចត្រៀមលក្ខណៈសម្របជាមួយនឹងបរិបទថ្មី។ សភាពាណិជ្ជកម្ម បានមានក្តីរំពឹងទុកថានឹងអាចចូលរួមចំណែកក្នុងការបង្កើនចំណេះដឹងលើអាជីវកម្មកាន់តែប្រសើរជាងមុននៅកំពង់ស្ពឺ ដែលអាចបង្កើនស្តង់ដាបន្ថែមក្នុងការទាក់ទាញវិនិយោគិននាពេលអនាគត៕
រូបភាព និងអត្ថបទ: សភាពាណិជ្ជកម្មខេត្តកំពង់ស្ពឺ