(កំពង់ចាម)៖ថ្ងៃអង្គារ ៧ កើត ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី ២៨ ខែមីនា ឆ្នាំ ២០២៣ នៅមន្ទីពាណិជ្ជកម្មខេត្តកំពង់ចាម បានរៀបចំការបោះឆ្នោតជ្រើសរើសសមាជិកជ្រើសតាំង និងប្រធានសភាពាណិជ្ជកម្មមណ្ឌលខេត្តកំពង់ចាម-មណ្ឌលគិរី អាណត្តិទី៣ លើកទី១ ក្រោមអធិបតីភាព ឯកឧត្តម បួន សារៈមុនី រដ្ឋលេខាធិកាក្រសួងពាណិជ្ជកម្ម ឯកឧត្តម ឡោ ចាន់លី អភិបាលរង នៃគណៈអភិបាលខេត្តកំពង់ចាម ឯកឧត្តមឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា
ការបោះឆ្នោតដំណើរការចាប់ពីម៉ោង៨ព្រឹករហូតដល់ម៉ោង៣រសៀលតាមការកំណត់របស់គណៈកម្មការរៀបចំការបោះឆ្នោតដោយមានបេក្ខជនឈរឈ្មោះ១១រូប អ្នកចុះឈ្មោះបោះឆ្នោតសរុប៤២១នាក់ បេក្ខជនជ័យលាភីមាន១០រូប សរុបសមាជិកជ្រើសតាំងចាស់ និងថ្មីមានចំនួន១៥រូប ជាលទ្ធផលឧកញ៉ា ហួត ឈឿន ត្រូវបានជាប់ឆ្នោតជាប្រធានសភាពាណិជ្ជកម្មមណ្ឌលខេត្តកំពង់ចាម-មណ្ឌលគិរី អាណត្តិទី៣ លើកទី១ នេះ។