ថ្ងៃសុក្រ ០២កើត ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោង ៩:០០នាទីព្រឹក នាអគ្គនាយកដ្ឋានសភាពាណិជ្ជកម្មកម្ពុជា មានរៀបចំកិច្ចប្រជុំក្រុមការងារផ្នែកឯកជន “ច” “ផ្នែកដឹកជញ្ជូន និងហេដ្ឋារចនាសម្ព័ន្ធ” នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ក្រោមអធិបតីភាព ឧកញ៉ា សូ ងួន សហប្រធានក្រុមការងារ “ច” ផ្នែកឯកជន។ កិច្ចប្រជុំនេះក៏មានការចូលរួមផងដែរពីសំណាក់ ឯកឧត្តម ឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា និងមានការចូលរួមពីសមាជិក សមាជិកាសភាពាណិជ្ជកម្មកម្ពុជា, តំណាងសមាគមភស្តុភារកម្មកម្ពុជា, តំណាងសមាគមដឹកជញ្ចូនអ្នកដំណើរផ្លូវគោកកម្ពុជា, តំណាងសមាគមស្បែកជើងកម្ពុជា, តំណាងសមាគមដឹកជញ្ជូនទំនិញផ្លូវគោគកម្ពុជា និងសមាជិក សមាជិកាក្រុមកាងារផ្នែកឯកជនជាច្រើនទៀតផងដែរ។
គោលបំណងនៃកិច្ចប្រជុំនេះ គឺដើម្បីបន្តពិគ្រោះ ពិភាក្សាលើបញ្ហាប្រឈមចាស់ដែលនៅសេសលស់ និងបន្តប្រមូលនូវបញ្ហាប្រឈម កង្វល់ថ្មីៗរបស់ផ្នែកឯកជនពាក់ព័ន្ធនឹងវិស័យដឹកជញ្ជូន និងហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា ដើម្បីស្នើសុំដំណោះស្រាយពីសំណាក់ដៃគូពិភាក្សាគឺក្រសួងសាធារណការ និងដឹកជញ្ជូននាពេលខាងមុខនេះ។
កិច្ចប្រជុំនេះបានបញ្ចប់នៅថ្ងៃខែឆ្នាំដដែល វេលាម៉ោង ១២:០០ នាទីថ្ងៃត្រង់ ក្នុងបរិយាកាសរីករាយ និងយោគយល់គ្នា។
————
ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកតាមរយៈ info.gpsfccc@gmail.com.