រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃអង្គារ ៤រោច ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹង ថ្ងៃទី៩ ខែ ឧសភា ឆ្នាំ២០២៣ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និង ជាសហប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន ដឹកនាំគណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា អញ្ជើញអមដំណើរ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ចូលរួម កិច្ចប្រជុំកំពូលអាស៊ានលើកទី៤២ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ដែលប្រព្រឹត្តទៅនៅទីក្រុងឡាប៊ូន បាចូ សាធារណរដ្ឋឥណ្ឌូនេស៊ី ចាប់ពីថ្ងៃ៩ ដល់ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៣។
ក្នុងកំឡុងពេលនៃដំណើរទស្សនកិច្ចនេះ អ្នកឧកញ៉ា គិត ម៉េង សហប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ច អាស៊ាន នឹងអញ្ជើញចូលរួម កិច្ចសន្ទនាវាងប្រមុខដឹកនាំអាស៊ាន និងក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន ដែលនឹងពិភាក្សាអំពីបញ្ហាប្រឈមនានាដែលវិស័យឯកជនទូទាំងតំបន់អាស៊ានកំពុងជួបប្រទះ ការដាក់ជូននូវរបាយការណ៍អនុសាសន៍ជូនប្រមុខដឹកនាំអាស៊ាន និង វឌ្ឍនភាពការងាររបស់ក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន។ ទន្ទឹមនឹងនេះ អ្នកឧកញ៉ា គិត ម៉េង ព្រមទាំងសមាជិកក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានទាំងអស់ នឹងអញ្ជើញចូលរួម ពិធីជប់លៀងអាហារពេលល្ងាចរៀបចំដោយ ប្រធានាធិបតី ឥណ្ឌូនេស៊ី។