BECOME A MEMBER        |        ខ្មែរ    EN

News

Home News Detail

វេទិកាស្តីពីការជំរុញពាណិជ្ជកម្មនិងវិនិយោគទ្វេភាគី និងកិច្ចសហប្រតិបត្តិការកសិកម្មកម្ពុជា-ចិន(ខេត្តក្វាងស៊ី)

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃសៅរ៍ ៣កើត ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៣ ឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា តំណាង អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា អញ្ជើញចូលរួមថ្លែងសុន្ទរកថា ក្នុងឱកាសនៃ វេទិកាស្តីពីការជំរុញពាណិជ្ជកម្មនិងវិនិយោគទ្វេភាគី និងកិច្ចសហប្រតិបត្តិការកសិកម្មកម្ពុជា-ចិន(ខេត្តក្វាងស៊ី) ដែលប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម ឈួន ដារ៉ា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និង ជារដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាង ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និង ឯកឧត្តម ឡាន ធានលី អភិបាលតំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី ព្រមទាំងមានការអញ្ជើញចូលរួមពីមន្ត្រីជាន់ខ្ពស់ក្រសួងស្ថាប័នពាក់ព័ន្ធ និងធុរជនប្រទេសទាំងពីរសរុបជាង២០០នាក់។ វេទិកានេះ រៀបចំឡើងដើម្បីជំរុញកិច្ចសហប្រតិបត្តិការរវាងកម្ពុជា ចិន (ខេត្តក្វាងស៊ី)លើគ្រប់វិស័យ ជាពិសេស វិស័យពាណិជ្ជកម្ម វិនិយោគ និងកសិកម្ម ឆ្ពោះទៅរកសហគមន៍ជោគវាសនាតែមួយ កម្ពុជា-ចិន។

ថ្លែងក្នុងឱកាសនៃវេទិកានេះ ឧកញ៉ា លឹម ហេង មានប្រសាសន៍ស្វាគមន៍ចំពោះដំណើរទស្សនកិច្ចមកកាន់កម្ពុជារបស់គណៈប្រតិភូចិនខេត្តក្វាងស៊ី និងបានលើកឡើងអំពីទំនាក់ទំនងដ៏ល្អរវាងប្រទេសចិននិងកម្ពុជា ដែលជាកត្តាអំណោយផលដល់ការធ្វើពាណិជ្ជកម្មនិងវិនិយោគទៅវិញទៅមក។ ក្រៅពីនេះ ឧកញ៉ា ក៏បានគូសបញ្ជាក់អំពីកាលានុវត្តភាពថ្មីៗដែលវិនិយោគិនអាចបណ្តាក់ទុនវិនិយោគ និងប្រើប្រាស់យន្តការដែលមានស្រាប់រួមមានដូចជា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជាចិន កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ គំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់និងផ្លូវ និងកិច្ចសហប្រតិបត្តិការមេគង្គឡានឆាង ជាដើម។ ឧកញ៉ា សង្កត់ធ្ងន់ថា សភាពាណិជ្ជកម្មកម្ពុជា គឺជាស្ថាប័នតំណាងវិស័យឯកជន និងជាដៃគូរបស់រាជរដ្ឋាភិបាលក្នុងការជួយដោះស្រាយបញ្ហាប្រឈមរបស់វិស័យឯកជន និង ជួយជំរុញដល់សកម្មភាពធុរកិច្ចនិងវិនិយោគ។ ឧកញ៉ា ស្នើធុរជនចិន ប្រសិនបើជួបបញ្ហាប្រឈម ឬចង់បានដៃគូវិនិយោគពិតប្រាកដ សូមទាក់ទងមកសភាពាណិជ្ជកម្មកម្ពុជា ដើម្បីជួយសម្របសម្រួល។

អង្គវេទិកា បានជជែកពិភាក្សាស៊ីជម្រៅអំពីគោលនយោបាយលើកទឹកចិត្ត វិស័យសក្តានុពល និងបទពិសោធន៍ជាក់ស្តែងរបស់ក្រុមហ៊ុនដែលកំពុងវិនិយោគនៅកម្ពុជា។ ក្នុងឱកាសនោះ ក៏មានការចុះអនុស្សរណៈយោគយល់ និងកិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងក្រុមហ៊ុននិងស្ថាប័នប្រទេសទាំងពីរផងដែរ។

Share: