នាល្ងាចថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៣ ឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា តំណាងអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជាបានអញ្ជើញចូលរួមក្នុងពិធី អាហារសាមគ្គីជួបជុំសមាជិកសមាជិកា សភាពាណិជ្ជកម្មមណ្ឌលខេត្តសៀមរាប-ឧត្តមានជ័យ អាជីវករ ពាណិជ្ជករ ថ្នាក់ដឹកនាំខេត្ត មន្ទី អង្គភាពនានាជុំវិញខេត្ត ក្រោមអធិបតីភាព ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប នៅសណ្ឋាគារ ប៉ាស៊ីហ្វិក និងស្ប៉ា ខេត្តសៀមរាប ។
កម្មវិធីនេះធ្វើឡើងក្នុងគោលបំណងអបអរសាទរឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំថោះ ក៏ដូចជាការថ្លែងអំណរគុណដល់ក្រុមការងារ មន្ទីពាក់ព័ន្ធជុំវិញខេត្តដែលបានរៀបការបោះឆ្នោតជ្រើសរើសសមាជិកជ្រើសតាំង និងប្រធានសភាពាណិជ្ជកម្មមណ្ឌលខេត្តសៀមរាប-ឧត្តរមានជ័យ អាណត្តិទី៣ លើកទី១ នេះប្រកបដោយជោគជ័យកាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣កន្លងទៅ នេះបង្ហាញពីភាពសាមគ្គីគ្នារបស់សមាជិក សមាជិកាសភាពាណិជ្ជកម្មមណ្ឌលខេត្តសៀមរាប-ឧត្តមានជ័យ ក្រោមពាក្យស្លោក តោះ! រួមគ្នាដើម្បីរីកចម្រើនទាំងអស់គ្នា! បានបញ្ជាក់ពីភាពទទួលខុសត្រូវ និងការយកចិត្តទុកដាក់ ចំពោះសមាជិក សមាជិកា អាជីវករ ពាណិជ្ជករក្នុងខេត្តរបស់ឧកញ៉ា បណ្ឌិត ហ៊ុយ ភៀវ ដើម្បីឆ្លើយតបចំពោះការជឿទុកចិត្តលើការដឹកនាំរបស់ឧកញ៉ាបណ្ឌិតប្រធាន។
សូមបញ្ចាក់ផងដែរថាកម្មវិធីនេះក៏ទទួលបានការផ្ដល់កិត្តិយសចូលរួមពីសំណាក់ ឯកឧត្តម អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្តសៀមរាប ឯកឧត្តម លួន អាន សមាជិកក្រុមប្រឹក្សាខេត្តឧត្តរមានជ័យតំណាងឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្តឧត្តរមានជ័យ ឯកឧត្តម សង់ រីហា អភិបាលរងនៃគណៈអភិបាលខេត្តឧត្តរមានជ័យ និងពាណិជ្ជករ អាជីវករ មន្ទី អង្គភាពជុំវិញខេត្តទាំពីរប្រមានជា៤០០នាក់ផងដែរ ។