នាព្រឹកថ្ងៃចន្ទ ១៥កើត ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៣ ឧកញ៉ា គួច ផេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា តំណាង អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា បានអញ្ជើញចូលរួមក្នុងសិក្ខាសាលាផ្សព្វផ្សាយស្តីពី “កាតព្វកិច្ចពន្ធលើប្រាក់ចំណូល, ការបំពេញទម្រង់លិខិតប្រកាសពន្ធលើប្រាក់ចំណូល, ប្រព័ន្ធគ្រប់គ្រងការដាក់លិខិតប្រកាសពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំ និងការស៊ើបអង្កេតបទល្មើសពន្ធដារ និងការប្រឆាំងការសម្អាតប្រាក់” ដែលរៀបចំដោយអគ្គនាយកដ្ឋានពន្ធដារ ក្រោមអធិបតីភាព ឯកឧត្តម គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក អគ្គនាយកដ្ឋានពន្ធដារ។ សិក្ខាសាលានេះក៏មានការចូលរួមពីសំណាក់សមាជិក សមាជិកាសភាពាណិជ្ជកម្មកម្ពុជា, មន្ត្រីពាក់ព័ន្ធនៃអគ្គនាយកដ្ឋានពន្ធដារ, តំណាងក្រសួងយុត្តិធម៌, តំណាងសមាគម, តំណាងក្រុមហ៊ុនឯកជនប្រមាណជា ១០០០នាក់ផងដែរ។
គោលបំណងនៃសិក្ខាសាលានេះគឺដើម្បីពង្រឹងការគោរពប្រតិបត្តិបទប្បញ្ញត្តិស្តីពីពន្ធដារ ជំរុញឱ្យអ្នកជាក់ពន្ធប្រកាសបង់ពន្ធលើប្រាក់ចំណូលសម្រាប់ឆ្នាំ២០២២, ផ្តល់ការយល់ដឹងបន្ថែមពាក់ព័ន្ធនឹងការស៊ើបអង្កេតបទល្មើសពន្ធដារនិងការប្រឆាំងការសម្អាតសាច់ប្រាក់ ព្រមទាំងបកស្រាយនូវចម្ងល់នានាពាក់ព័ន្ធនឹងកាតព្វកិច្ចសារពើពន្ធ។
សិក្ខាសាលាផ្សព្វផ្សាយនេះបានបញ្ចប់នៅថ្ងៃខែឆ្នាំដដែល វេលាម៉ោង ០១:០០នាទីថ្ងៃត្រង់ ក្នុងបរិយាកាសរីករាយ យោគយល់គ្នា និងទទួលបានលទ្ធផលជាផ្លែផ្កា។
———
ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកតាមរយៈ info.gpsfccc@gmail.com.