នារសៀលថ្ងៃសុក្រ ៥ កើត ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ ២០២៣ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន ឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា តំណាងអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្ពុជា អញ្ជើញចូលរួមកម្មវិធីបោះឆ្នោតជ្រើសរើសសមាជិកជ្រើសតាំងការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជានៅតំបន់សេនដៃ ប្រទេសជប៉ុន អាណត្តិទី១ លើកទី១ ដែលប្រព្រឹត្តិទៅក្រោមអធិបតីភាព ឯកឧត្តម បួន សារៈមុនី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មនិងជាប្រធានគណៈកម្មាការរៀបចំការបោះឆ្នោតការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជានៅតំបន់សេនដៃប្រទេសជប៉ុន និងមានការអញ្ជើញចូលរួមពី ឯកឧត្តម ហេង សួរ រដ្ឋលេខាធិការក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈនិងជាអនុប្រធានគណៈកម្មាការរៀបចំការបោះឆ្នោត ឯកឧត្តម ទុយ រី ឯកអគ្គរដ្ឋទូតនៃព្រះរាជាណាចក្រកម្ពុជា ប្រចាំនៅប្រទេសជប៉ុន និងក្រុមហ៊ុនសហគ្រាសជាច្រើន។
ជាលទ្ធផលនៃការបោះឆ្នោត គណៈកម្មាការរៀបចំការបោះឆ្នោតការរិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជា បានប្រកាសលទ្ធផលសមាជិកជ្រើសតាំងការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជានៅតំបន់សេនដៃប្រទេសជប៉ុន អាណត្តិទី១ លើកទី១ ចំនួន១៤រូប។ លោក រស់ រាសី ប្រធានក្រុមហ៊ុន Shin Fuji Soji Co., Ltd បានទទួលការគាំទ្រធ្វើជាប្រធាន។
ក្នុងឱកាសនៃការបោះឆ្នោតនេះ ឧកញ៉ា លឹម ហេង បានចូលរួមអបអរសាទរ ប្រធាន អនុប្រធាន និងសមាសភាពការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជា និងបានជម្រាបអំពីប្រវត្តិនៃការស្នើបង្កើតការិយាល័យតំណាងននេះ ដែលឆ្លងកាត់ការជជែកពិភាក្សាគ្នាជាច្រើនលើកច្រើនសារ ទាំងជួបផ្ទាល់និងតាមប្រព័ន្ធអនឡានដើម្បីឲ្យស្របតាមច្បាប់ជាធរមាន និង បម្រើផលប្រយោជន៍រួម។ ឧកញ៉ា មានប្រសាសន៍សំណេះសំណាល ថា <<នៅមានកិច្ចការជាច្រើនដែលត្រូវសហការគ្នាក្នុងការរៀបចំព្រឹត្តិការណ៍ជំរុញធុរកិច្ចនិងវិនិយោគរវាងប្រទេសទាំងពីរ។ សភាពាណិជ្ជកម្មកម្ពុជា ត្រៀមខ្លួនជានិច្ចដើម្បីគាំទ្រដល់ការិយាល័យតំណាងនៅតំបន់សេនដៃប្រទេសជប៉ុន ក្នុងការតភ្ជាប់ទំនាក់ទំនងជាមួយវិស័យឯកជននៅកម្ពុជា។ សក្តានុពលវិនិយោនៅកម្ពុជា មានវិសាលភាពធំធេង ហើយ មានកិច្ចការជាច្រើនដែលយើងអាចធ្វើរួមគ្នាដើម្បីទាញយកផលប្រយោជន៍ជាអតិបរមាសម្រាប់វិស័យឯកជនប្រទេសទាំងពីរ។ ការបោះឆ្នោតនេះគឺជាព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រសម្រាប់សភាពាណិជ្ជកម្មកម្ពុជា ហើយខ្ញុំជឿជាក់ថា ការបើកការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជា នៅជប៉ុន ពិតជានឹងរួមចំណែកដ៏សំខាន់ដល់ការជំរុញពាណិជ្ជកម្ម និងវិនិយោគរវាងប្រទេសទាំងពីរ >> ។
ដំណើរការនៃការបោះឆ្នោតបានប្រព្រឹត្តទៅដោយរលូន និងប្រកបដោយជោគជ័យ។