សារលិខិតជូនពរ
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
ប្រធានកាកបាទក្រហមកម្ពុជា
ក្នុងឱកាសខួបជន្មាយុគម្រប់ ៦៣ឆ្នាំ ឈានចូល ៦៤ឆ្នាំ
ពី អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា ជាទីគោរពដ៏ខ្ពង់ខ្ពស់បំផុត !
ក្នុងឱកាសដ៏មង្គលសួស្តីប្រពៃថ្លៃថ្លា ប្រកបដោយមនោសញ្ចេតនាអភិរម្យសោមនស្សរីករាយនៃទិវាខួបកំណើតគម្រប់ ៦៣ឆ្នាំ ឈានចូល ៦៤ឆ្នាំ របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលប្រព្រឹត្តទៅនៅថ្ងៃសុក្រ ១២រោច ខែមិគសិរ ឆ្នាំរកា ព.ស. ២៥៦១ ត្រូវនិងថ្ងៃទី១៥ ខែឆ្នូ ឆ្នាំ២០១៧នេះ តាងនាមថ្នាក់ដឹកនាំ និង សមាជិកសមាជិកា សភាពាណិជ្ជកម្មកម្ពុជា ខ្ញុំសូមសម្តែងនូវ អំណរសាទរឥតឧបមាចូលរួមជូននូវសព្ទសាធុការពរជ័យ បវសួស្តី សេរីវឌ្ឍនា វិបុលសុខ មហាប្រសើរ គ្រប់យ៉ាង និងសូមជូនពរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រកដោយសុខភាពល្អបរិបូរណ៌បញ្ញាញាណភ្លឺថ្លា ត្រចះត្រចង់ កាយពល រឹងមាំខ្លាំងក្លា ជន្មាយុយឺនយូរ ដើម្បីដឹកនាំកាកបាទក្រហមកម្ពុជាទទួលបាននូវជ័យជំនះថ្មីៗធំធេងថែមទៀត ជាពិសេស ក្នុងកិច្ចខំប្រឹងប្រែងស្វះស្វែងរកជំនួយមនុស្សធម៌ពីគ្រប់មជ្ឈដ្ឋានជាតិនិងអន្តរជាតិ ដើម្បីជួយដល់ជនងាយរងគ្រោះ ទុរគតជន ជនចាស់ជរា កុមារកំព្រា ជនគរ ថ្លង់ យុទ្ធជនរបួស ជនពិការ ជនរងគ្រោះដោយសារគ្រោះមហន្តរាយ និងគ្រោះធម្មជាតិផ្សេងៗ ។
យើងខ្ញុំទាំងអស់គ្នាសូមគោរពថ្លែងនូវការកោតសរសើរ និងដឹងគុណយ៉ាងជ្រាលជ្រៅប្រកដោយកតញ្ញូកតវេទិតាធម៌ យ៉ាងស្មោះស្ម័គ្របំផុត ចំពោះបញ្ញាញាណដ៏ឈ្លាសវៃសកម្មភាពប្រកបដោយគុណធម៌ និងមនុស្សធម៌ របស់ សម្តេចកិត្តិព្រឹទ្ធ បណ្ឌិត ក្នុងការចូលរួមចំណែកដ៏មានតម្លៃជួយដោះស្រាយទុក្ខលំបាក និងកាត់បន្ថយភាពក្រីក្ររបស់ ប្រជាជន ជាមួយរាជ រដ្ឋាភិបាលកម្ពុជា ។ ទាំងនេះគឺជាសមិទ្ធិផលនិងស្នាដៃយ៉ាងធំធេងរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក្នុងបុព្វហេតុជាតិ មាតុភូមិ និង ប្រជាជនកម្ពុជា ។
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត គឺជាកុលធីតាខ្មែរដ៏ឆ្នើមមួយរូប ជាស្ត្រីដឹកនាំគំរូដ៏ល្បីល្បាញប្រកបដោយសីលធម៌គុណធម៌ និងទេពកោសល្យដ៏ឧដុង្គឧត្តមថ្លៃថ្លារបស់ជាតិមាតុភូមិកម្ពុជា ព្រមទាំងជាឧត្តមភរិយាដ៏ប្រពៃថ្លៃថ្លា ជាមាតា និងជាជីដូនប្រកប ដោយចរិយាធម៌ និងព្រហ្មវិហារធម៌យ៉ាងជ្រាលជ្រៅ ។
ឆ្លៀតក្នុងឱកាសដ៏មហានក្ខត្តឬក្សវិសេសវិសាលនេះ យើងខ្ញុំទាំងអស់គ្នា ជាថ្នាក់ដឹកនាំ និងសមាជិក សមាជិកា នៃ សភាពាណិជ្ជកម្មកម្ពុជា ក៏សូមគោរពសម្តែងនូវសេចក្តីអភិរម្យសោមនរីករាយ ចូលរួមជូននូវសព្ទសាធុការពរជ័យគ្រប់ប្រការជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំង បុត្រា បុត្រី បុត្រប្រសា ចៅប្រុស ចៅស្រី ជាទីស្រលាញ់ សូមបានប្រកបនូវពុទ្ធពរទាំងបួនប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ ជានិច្ចនិរន្តរ៍ ។
សូម សម្តេចកិត្តិព្រឹទ្ធបណ្ឌិត មេត្តាទទួលនូវអភិវន្ទនកិច្ចគោរពដ៏ខ្ពង់ខ្ពស់ សេចក្តីស្រលាញ់ និង ស្មោះត្រង់បំផុតអំពីយើងខ្ញុំ ៕
សូមអានសារលិខិតថ្វាយព្រះពរជូនភ្ជាប់