Publication

ព្រះរាជពិធី​បុណ្យ​ចម្រើន ​​ព្រះ​ជន្ម​គម្រប់៨១ យាង​ចូល ៨២​ព្រះ​វស្សា​របស់​ សម្តេច​​ព្រះមហាក្សត្រី ព្រះវររាជ​​មាតា​ជាតិ​ខ្មែរ ក្នុង​សេរី​ភាព សេចក្តី​ថ្លៃ​ថ្នូរ និង​សុភមង្គល ​ថ្ងៃទី១៨​ ខែ​មិថុនា ឆ្នាំ​២០១៧


Posted on: 12 Jun 2017

Email     Print


សូមក្រាបបង្គំទូលថ្វាយ
សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ
ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និង សុភមង្គល
នៃព្រះរាជាណាចក្រកម្ពុជា

 

សម្តេចម៉ែ សម្តេចព្រះមហាក្សត្រី ជាអម្ចាស់ជីវិតតម្កល់លើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត !

នៅក្នុងឱកាសដ៏ឧត្តុង្គឧត្តមប្រសើរថ្លៃថ្លា​​ ពោរពេញ​ទៅដោយ​ក្តី​អភិរម្យ​សោម​ន្សរីក​រាយ​នៃព្រះរាជពិធី​បុណ្យ​ចម្រើន ​​ព្រះ​ជន្ម​គម្រប់៨១ យាង​ចូល ៨២​ព្រះ​វស្សា​របស់​ សម្តេច​​ព្រះមហាក្សត្រី ព្រះវររាជ​​មាតា​ជាតិ​ខ្មែរ ក្នុង​សេរី​ភាព សេចក្តី​ថ្លៃ​ថ្នូរ និង​សុភមង្គល ដែល​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃទី១៨​ ខែ​មិថុនា ឆ្នាំ​២០១៧នេះ ទូលព្រះបង្គំជាខ្ញុំ និងភរិយា ព្រមទាំងថ្នាក់​ដឹកនាំ សមាជិក-សមាជិកា នៃសភាពាណិជ្ជកម្មកម្ពុជា សូមព្រះបរមរាជានុញ្ញាតអភិវន្ទលំឱនកាយវាចាចិត្តក្រាប​បង្គំ​ទូល​ថ្វាយនូវ ​ព្រះសព្ទសាធុការពរជ័យបវរមហាប្រសើរចំពោះ​ សម្តេចព្រះមហាក្សត្រី ​និងសូមលើកហត្ថបួងសួង​ដល់គុណ បុណ្យ​ព្រះរតន ត្រ័យកែវទាំងបី មហិទ្ធិឫទ្ធិបុណ្យបារមីនៃទេវតារក្សាមហាស្វេតច្ឆត្រ និងវត្ថុ​ស័ក្កិសិទ្ធិក្នុងលោកព្រមទាំង ដួងព្រះវិញ្ញាណ អតីតព្រះមហាក្សត្រ ព្រះមហាក្សត្រីយានីខ្មែរគ្រប់ព្រះអង្គ និងដួងព្រះវិញ្ញាណក្ខន្ធ ព្រះបរមរតនកោដ្ឋ សូមជួយបីបាច់ថែរក្សា សម្តេចព្រះមហាក្សត្រី​​ មានព្រះបញ្ញាញាណឈ្លាសវៃ ព្រះកាយពលមាំមួន ព្រះរាជសុខភាពល្អ បរិបូរណ៌ និង ព្រះជន្មាយុយឺនយូរ ដើម្បីទ្រង់គង់ជាម្លប់ដ៏ត្រជាក់ត្រជំសុខដុមរមនា ដល់កូនចៅ
ចៅទូត ប្រជារាស្ត្រ និងមាតុភូមិ​កម្ពុជា ជាទីស្នេហា ។

នៅក្នុងវរោកាស​ដ៏​មហាមង្គលា​ភិរម្យ​នេះ​ផង​ដែរ​​ ទូលព្រះបង្គំទាំងអស់គ្នាជាថ្នាក់ដឹកនាំ សមាជិក-សមាជិកា នៃ សភាពាណិជ្ជកម្មកម្ពុជា ក៏សូមព្រះបរមរាជានុញ្ញាត សម្តែងថ្វាយនូវមនោសញ្ចេតនាយ៉ាងស្មោះស្ម័គ្រ ប្រកបដោយភក្តីភាព សម្តែងនូវកត្តញ្ញូកត្តវេទីយ៉ាងជ្រាលជ្រៅបំផុត ចំពោះព្រះរាជបេសកកម្មជាប្រវត្តិសាស្ត្រដ៏ឧត្តុង្គឧត្តមរបស់ សម្តេចព្រះ មហាក្សត្រីជាអម្ចាស់ជីវិតតម្កល់លើត្បូង ជាពិសេសព្រះរាជបេសកកម្មលើវិស័យមនុស្សធម៌ និងសង្គមកិច្ច ដ៏ឧដុង្គឧត្តម ដែលបានធ្វើឲ្យមានវឌ្ឍនភាព វិបុលភាព នៃប្រជារាស្ត្រព្រះអង្គគ្រប់ៗរូប ។

សូម សម្តេចព្រះមហាក្សត្រីជាអម្ចាស់ជីវិតតម្កល់លើត្បូង ទ្រង់ព្រះមេត្តាប្រោសទទួលនូវគារវភក្តីភាព ដ៏ស្មោះ ត្រង់ និងអភិវន្ធនកិច្ចដ៏ខ្ពង់ខ្ពស់ពីទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា។

សេចក្តីគួរពុំគួរ សូម សម្តេចព្រះមហាក្សត្រីជាអម្ចាស់ជីវិតតម្កល់លើត្បូង ទ្រង់ព្រះមេត្តាប្រោស ។

 

 


Love to share on:

More News