News

​អ្នកឧកញ៉ាគិត ម៉េង ស្នើឲ្យបណ្តាធុរជនសិង្ហបុរី ចាប់យកឱកាសវិនិយោគនៅកម្ពុជា


Posted on: 16 Nov 2018

Email     Print


​ឆ្លៀតក្នុងឱកាស នៃការអញ្ជើញអមដំណើរសម្តេចតេជោនាយករដ្ឋមន្រ្តីអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៣ និងកិច្ចប្រជុំពាក់ព័ន្ធមួយចំនួននចាប់ពីថ្ងៃទី១៣រហូតដល់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៨នៅប្រទេសសិង្ហបុរី អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជាបានជួបពិភាក្សាការការងារជាមួយបណ្តាថ្នាក់ដឹកនាំនានា និងបណ្តាអ្នកវិនិយោគបរទេស ក្នុងន័យដើម្បីបង្កើនទំនាក់ទំនងកិច្ចសហប្រតិបត្តការវិនិយោគ។ ជាក់ស្តែងនាព្រឹកថ្ងៃទី ១៤ ខែវិច្ឆិកានេះ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជាបានដឹកនាំសមាជិកសភាពាណិជ្ជកម្មកម្ពុជាអញ្ជើញជំនួបពាណិជ្ជកម្មជាមួយធុរជនជាច្រើនរបស់ប្រទេសសិង្ហបុរី ដែលធ្វើឡើងនៅការិយាល័យកម្មសិទ្ធិបញ្ញារបស់ប្រទេសិង្ហបុរី។ នៅក្នុងឱកាសដ៏មានសារៈសំខាន់ក្នុងជំនួបពាណិជ្ជកម្មនេះ កញ្ញា អ៊ីស្ទឺ វី ប្រធានក្រុមប្រឹក្សាពាណិជ្ជកម្មកម្មសិទ្ធិបញ្ញាអន្តរជាតិបានលើកឡើងបង្ហាញក្តីរីករាយដែលខាងសមាជិកសភាពាណិជ្ជកម្ម ក៏ដូចជាអ្នកវិនិយោគិនកម្ពុជាបានអញ្ជើញមកដើម្បីបង្កើនទំនាក់ទំនងពាណិជ្ជកម្ម នៃប្រទេសទាំងពីរ។ កញ្ញា អ៊ីស្ទឺ វី ប្រធានក្រុមប្រឹក្សាពាណិជ្ជកម្មកម្មសិទ្ធិបញ្ញាអន្តរជាតិបានបញ្ជាក់លើកទឹកចិត្តឲ្យអ្នកវិនិយោគិន នៃប្រទេសទាំងពីរយកឱកាសវិនិយោគ ដើម្បីផលប្រយោជន៍ដល់ជាតិ និងប្រជាជននៃប្រទេសទាំងពីរ។ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជាបានថ្លែងថា កម្ពុជាបច្ចុប្បន្នមានការរីកចម្រើនយ៉ាងឆាប់រហ័ស កំណើនសេដ្ឋកិច្ចរង្វង់៧ភាគរយ ចំណែកជើងហោះហើរក៏មានចំនួនច្រើននាពេលបច្ចុប្បន្ននេះ ដែលជាប្រទេសមានកំណើនសេដ្ឋកិច្ចលឿន។ អ្នកឧកញ៉ាប្រធានសភាពាណិជ្ជកម្មកម្ពុជាបានប្រាប់អ្នកវិនិយោគិនសិង្ហបុរីថា កម្ពុជានាពេលបច្ចុប្បន្ននេះមានស្ថេរភាពល្អ សន្តិសុខ សន្តិភាព ព្រមជាមួយគ្នានេះប្រមុខរាជរដ្ឋាភិបាលកម្ពុជាតែងតែលើកទឹកចិត្តខ្ពស់ដល់បណ្តាអ្នកវិនិយោគ។ ជាមួយគ្នានេះក្នុងនាមជាប្រធានសភាពាណិជ្ជកម្មកម្ពុជាបានបង្ហាញភាពកក់ក្តៅដល់ធុរជនសិង្ហបុរីថា សភាពាណិជ្ជកម្មកម្ពុជានឹងផ្តល់ការប្រឹក្សាយោបល់ជូនបណ្តាធុរជនបន្ថែមទៀត នឹងស្វាគមន៍ចំពោះការអញ្ជើញទៅកាន់កម្ពុជា។ អ្នកឧកញ៉ា គិត ម៉េង បានបញ្ជាក់ឲ្យវិនិយោគិនសិង្ហបុរីដឹងថា កម្ពុជាមានធនាគារឯកទេសវីង ជារបស់ខ្មែរ១០០ភាគរយ មានបណ្តាញទំលំទំលាយ មានបច្ចេកវិទ្យាខ្ពស់ ងាយស្រួលក្នុងការចរាចារណ៍ហិរញ្ញវត្ថុ បង្ករភាពងាយស្រួលដល់វិនិយោគិនផ្ទេរ និងទទួលសាច់ប្រាក់តាមប្រព័ន្ធអេឡិចត្រូនិក។ ឯកឧត្តម ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មបានបន្ថែមថា នេះជាកាសមួយដ៏មានសារៈសំខាន់ដែលបណ្តាធុរជននៃប្រទេសទាំងពីរបានរៀបចំឲ្យមានជំនួបពាណិជ្ជកម្ម ដែលអាចឲ្យធុរជននៃប្រទេសទាំងពីរប្រាស្រ័យទាក់ទងគ្នាបន្ថែមទៀត ដើម្បីបង្ហាញសក្តានុពលពាណិជ្ជកម្ម ក្នុងន័យជំរុញការកំណើនសេដ្ឋកិច្ច កំណើនការងារធ្វើ និងការអភិវឌ្ឍន៍។ សូមជម្រាបថា ក្នុងឱកាសនេះនៃជំនួបពាណិជ្ជកម្មជាមួយបណ្តាធុរជនសិង្ហបុរី អ្នកឧកញ៉ា គិត ម៉េង បានស្នើឲ្យបណ្តាធុរជនសិង្ហបុរី ចាប់យកឱកាសវិនិយោគនៅកម្ពុជា ខណះដែលថ្នាក់ដឹកនាំនៃប្រទេសទាំងពីរយកចិត្តទុកដាក់ខ្ពស់ចំពោះសេដ្ឋកិច្ច។
Love to share on:

More News