News

អ្នកឧកញ៉ា គិត ម៉េង បានចុះអនុស្សារណៈ និងសហព័ន្ធឧស្សាហករសិង្ហបុរី ដើម្បីបង្កើតទំនាក់ទំនងល្អរវាងស្ថាប័នទាំងពីរ


Posted on: 16 Nov 2018

Email     Print


អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា នាព្រឹកថ្ងៃទី១៥ ខែវិច្ជិកា ឆ្នាំ២០១៨ នេះបានដឹកនាំសមាជិកសភាពាណិជ្ជកម្មកម្ពុជាអញ្ជើញជំនូបពិភាក្សាពាណិជ្ជកម្មជាមួយធុរជនជាច្រើនរបស់ប្រទេសសិង្ហបុរី ព្រមទាំងចុះអនុស្សារណៈរវាងសភាពាណិជ្ជកម្មកម្ពុជា និងសហព័ន្ធឧស្សាហករសឹង្ហបុរី ។ នៅក្នុងឪកាសនេះលោក ដូសលាស ហ្វូ ប្រធានសហព័ន្ធឧស្សាហករសិង្ហបុរី បានបង្ហាញការស្វាគមន៍ប្រកបដោយក្តីរីករាយដែលបានជួបជាមួយក្រុមធុរកិច្ចកម្ពុជា ក៏ដូចជាសមាជិកសភាពាណិជ្ជកម្មកម្ពុជាដែលបានចំណាយពេលវេលាដើម្បីជួបពិភាក្សាពាណិជ្ជកម្មរវាងសភាពាណិជ្ជកម្មកម្ពុជា និងសហព័ន្ធឧស្សាហករសិង្ហបុរី ។ លោក ដូសលាស ហ្វូ ប្រធានសហព័ន្ធឧស្សាហករសិង្ហបុរី បានមានប្រសាសន៍កោតសរសើរអំពីរការរីកចំរើនរបស់កម្ពុជាយ៉ាងឆាប់រហ័ស។ នៅក្នុងឪកាសនេះអ្នកឧកញ៉ា គិត ម៉េង បានលើកឡើងថា សិង្ហបុរី និងកម្ពុជាគឺជាមិត្តល្អនឹងគ្នាតាំងពីយូរលង់ណាស់មកហើយ ចំណែកបច្ចុប្បន្ននេះថ្នាក់ដឹកនាំកម្ពុជា និងសិង្ហបុរីក៏បានកំពុងពង្រីកកិច្ចសហប្រតិបត្តការបន្ថែមទៀត ជាក់ស្តែងកិច្ចប្រជ៊ំកំពូលអាស៊ាននាពេលនេះដែលធ្វើឡើងនៅប្រទេសសិង្ហបុរី គឺថ្នាក់ដឹកនាំអាស៊ានបានយកចិត្តទុកដាក់ខ្ពស់អំពីកិច្ចសហប្រតិបត្តិការណ៍នឹងគ្នា។ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជាបានថ្លែងថា កម្ពុជាបច្ចុប្បន្នមានការរីកចំរើនយ៉ាងឆាប់រហ័ស កំណើនសេដ្ឋកិច្ចរង្វង់ជាង៧ភាគរយ មានវារីអគ្គិសនី ចំណែកជើងហោះហើរក៏មានចំនួនច្រើននាពេលបច្ចុប្បន្ននេះ ដែលជាប្រទេសមានកំណើនសេដ្ឋកិច្ចលឿន។ អ្នកឧកញ៉ាប្រធានសភាពាណិជ្ជកម្មកម្ពុជាបានប្រាប់អ្នកវិនិយោគិនសិង្ហបុរីថា កម្ពុជានាពេលបច្ចុប្បន្ននេះមានស្ថេរភាពល្អ សន្តិសុខ សន្តិភាព ព្រមជាមួយគ្នានេះប្រមុខរាជរដ្ឋាភិបាលកម្ពុជាតែងតែលើកទឹកចិត្តខ្ពស់ដល់បណ្តាអ្នកវិនិយោគ។ ជាមួយគ្នានេះក្នុងនាមជាប្រធានសភាពាណិជ្ជកម្មកម្ពុជាបានបង្ហាញភាពកក់ក្តៅដល់ធុរជនសិង្ហបុរីថា សភាពាណិជ្ជកម្មកម្ពុជានឹងផ្តល់ការប្រឹក្សាយោបល់ជូនបណ្តាធុរជនបន្ថែមទៀត នឹងស្វាគមន៍ចំពោះការអញ្ជើញទៅកាន់កម្ពុជា។ អ្នកឧកញ៉ា គិត ម៉េង បានបញ្ជាក់អោយវិនិយោគិនសិង្ហបុរីដឹងថា កម្ពុជាមានធនាគារឯកទេសវីង ជារបស់ខ្មែរ១០០ភាគរយ មានបណ្តាញទំលំទំលាយ មានបច្ចេកវិទ្យាខ្ពស់ ងាយស្រួលក្នុងការចរាចារណ៍ហិរញ្ញវត្ថុ បង្ករភាពងាយស្រួលដល់វិនិយោគិនផ្ទេរ និងទទួលសាច់ប្រាក់តាមប្រព័ន្ធអេឡិចត្រូនិច ។ ឯកឧត្តម ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មបានបន្ថែមថា ការចុះអនុស្សារណះរវាងសភាពាណិជ្ជកម្មកម្ពុជា និងសហព័ន្ធឧស្សាហករសិង្ហបុរី នាពេលនេះគឺដើម្បីបង្កើតទំនាក់ទំនងល្អរវាងស្ថាប័នទាំងពីរ ស្វែងយល់អំពីបរិយាកាសសេដ្ឋកិច្ច និងវិនិយោគនៅកម្ពុជា និងដើម្បីជាឱកាសចាប់ដៃគូពាណិជ្ជកម្មរវាងគណៈប្រតិភូនៃស្ថាប័នទាំងពីរក្នុងការបង្កើតទំនាក់ទំនងធុរកិច្ច និងស្វែងឱកាសវិនិយោគ។ ឯកឧត្តម ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មបានបញ្ជាក់អោយដឹងថា សហព័ន្ធឧស្សាហករសិង្ហបុរី គឺជាសមាគមន៍ធំមួយជួយយដល់ក្រុមហ៊ុនផលិតជាច្រើននៅសិង្ហបុរី ដូច្នេះការចុះអនុស្សារណះជាមួយសភាពាណិជ្ជកម្នកម្ពុជាគឺជាផ្លូវមួយបង្ករភាពងាយស្រួលប្រឹក្សាយោបល់ដល់ធុរជនសិង្ហបុរីដែលមានបំណងវិនិយោគនៅកម្ពុជា។ សូមជំរាបថា ក្នុងឪកាស នៃការអញ្ជើញអមដំណើរសម្តេចតេជោនាយករដ្ឋមន្រ្តីអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៣ និងកិច្ចប្រជុំពាក់ព័ន្ធមួយចំនួនចាប់ពីថ្ងៃទី១៣រហូតដល់ថ្ងៃទី១៥ ខែវិច្ចិកា ឆ្នាំ២០១៨ នៅប្រទេសសិង្ហបុរី អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជាបានជួបពិភាក្សាការការងារជាមួយបណ្តាថ្នាក់ដឹកនាំនានាក្នុងតំបន់អាស៊ាន និងបណ្តាអ្នកវិនិយោគបរទេសសំខាន់ៗ ក្នុងន័យដើម្បីបង្កើនទំនាក់ទំនងកិច្ចសហប្រតិបត្តការវិនិយោគ។
Love to share on:

More News